ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក បន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកទូទៅ នៃខេត្តបន្ទាយមានជ័យ សៀមរាប លើការងាររំដោះទឹក

ចែករំលែក៖

ខេត្តសៀមរាប+ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកអនុរដ្ឋលេខាធិការដែលជាប្រធានមុខព្រួញខេត្តសៀមរាម និងខេត្តបន្ទាយមានជ័យ ក្រុមមន្រ្តីបច្ចេកទេសក្រសួង និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានបន្តដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹកទូទៅ នៃខេត្តទាំង០២ ដើម្បីបន្ថែមមធ្យោបាយពន្លឿនសកម្មភាពអន្តរាគមន៍រំដោះបរិមាណទឹកជន់ឲ្យស្រកលឿនហូរឆ្ពោះចូលទៅបឹងទន្លេសាប ដែលជាវិធានការចំពោះមុខដើម្បីបន្ថយផលប៉ះពាល់ដល់ដំណាំបងប្អូនប្រជាពលរដ្ឋក្នុងប្រព័ន្ធអាងទឹកត្រពាំងថ្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
និងផ្នែកខាងក្រោមក្នុងខេត្តសៀមរាម ។ ទន្ទឹមនឹងនោះ ក៏បានចាត់វិធានការជាបន្ទាន់ដល់គ្រប់មុខព្រួញតាមបណ្តាខេត្តឲ្យខ្ចប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ជាពហុប្រយោជន៍នៅពេលខាងមុខ។

តាមរយ:ការចុះពិនិត្យជាក់ស្តែងនាព្រឹកនេះ លោករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំក្រសួង ក្រុមមន្រ្តីបច្ចេកទេសបានចុះពិនិត្យផ្ទាល់នៅប្រឡាយកុមារនៃប្រព័ន្ធត្រពាំងថ្ម ដែលជាប្រឡាយរំដោះទឹក និងស្រោចស្រព ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយក្នុងពេលបច្ចុប្បន្នប្រឡាយនេះកំពុងបំពេញតួនាទីជាប្រឡាយរំដោះទឹកយ៉ាងសំខាន់មួយ បន្លែមពីលើប្រឡាយមេធំៗចំនួន ០៣ សម្រាប់សម្រួលចរន្តទឹកពីអាងទឹកត្រពាំងថ្មហូរចុះទៅបឹងទន្លេសាប ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖