ខេត្តបន្ទាយមានជ័យ ៖ មានករណីឆាបឆេះរថយន្តហាយឡេនឌ័រមួយគ្រឿងនៅចំណុចមណ្ឌល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលមកពីផ្ទុះហ្គាសក្នុងរថយន្ត កាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
មុនកើតហេតុគេឃើញរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-9567 បើកបរដោយឈ្មោះ សារ៉ាត់ កន្និកា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅកន្លែងកើតហេតុ បានចូលមកបញ្ចូលហ្គាសរថយន្តចំនួន ១៥គីឡូក្រាមនៅកន្លែងបញ្ចូលហ្គាសដែលមានឈ្មោះ មុំ សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ។ ពេលកំពុងបញ្ចូលហ្គាសក៏ស្រាប់តែផ្ទុះហ្គាសចេញពីក្នុងរថយន្តបណ្តាលឱ្យភាយចំហាយហ្គាសចេញមកខាងក្រៅចំឆ្នាំងស៊ុបនៅក្បែរនោះបង្កជាអគ្គិភ័យតែម្តង។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល ភ្លាមៗដល់សមត្ថកិច្ចជំនាញនៃអធិការដ្ឋានក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ឯក ធិន សុិនដេត ជា អធិការបានចុះធ្វើអន្តរាគមន៍ដោយយករថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋានមកបាញ់ពន្លត់រថយន្តដែលកំពុងតែឆេះនោះបានទាន់ពេលវេលា។
ចំពោះផលប៉ះពាល់រួមមាន៖
-ឆេះរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស ១គ្រឿងខូចខាតទាំងស្រុង។
-ឆេះខ្សែចរន្តអគ្គិសនីដែលបន្តោងលើបង្គោលភ្លេីង។
-ឆេះគ្រឿងទេសមួយចំនួន។
ករណីនេះបណ្តាលឲ្យមានអ្នករងរបួសប្រុសស្រី៣ នាក់ក្នុងនោះមានក្មេងប្រុសស្រី៣នាក់ត្រូវបានបញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យខេត្តសៀមរាមមានឈ្មោះ៖
១.សារ៉ាក កក្កដា ភេទប្រុស អាយុ១៤ឆ្នាំ រងរបួសជេីងទាំងសងខាង និង២.ហ៊ន់ សុវណ្ណារី អាយុ៥ឆ្នាំ រងបួសរលាកដៃជេីង និងផ្ទៃមុខ។
៣.ហ៊ន់ ដាណេ អាយុ៧ឆ្នាំ រងបួសរលាកដៃជេីងនិងផ្ទៃមុខ។
ករណីអគ្គិភ័យនេះបានរលត់ទាំងស្រុង នៅម៉ោង១៩និង២០នាទី បន្ទាប់ពីមានការសហការជាមួយអាជ្ញាធរភូមិប្រជាពលរដ្ឋនិងមានកិច្ចប្រតិបត្តិការពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ធាននគរបាលក្រុងប៉ោយប៉ែតចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនត្រូពីកាណាចំនួន២គ្រឿង ប្រើអស់ទឹកចំនួន៤ឡានផងដែរ៕
ដោយ៖ជ្រោយពេជ្រ