ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ នៅតួកគី ផ្ដាច់ជីវិតមនុស្ស១២នាក់ និងជាង៤០០នាក់រងរបួស

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០ គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់រហូតដល់ទៅ .០រ៉ិចទ័រ បានវាយប្រហារទីក្រុងជាប់តំបន់ឆ្នេរនៃភាគខាងលិចប្រទេសតួកគី ដោយបានបណ្តាលឲ្យអគារនានាក្នុងទីក្រុង ញាប់ញ័រនិងបង្កឲ្យមនុស្សម្នាភ័យខ្លាច ហើយរត់ចេញមកឈរតាមដងផ្លូវ ដើម្បីគេចចេញពីគ្រោះថ្នាក់។ ប៉ុន្តែក្នុងហេតុការណ៍នេះ បានធ្វើឲ្យមនុស្ស១២នាក់ស្លាប់ និងជាង៤០០នាក់រងរបួស នេះបើតាមអាជ្ញាធរតួកគី បញ្ជាក់ប្រាប់ទីភ្នាក់ងារ AFP កាលពីយប់ថ្ងៃសុក្រ។

តាមការចេញផ្សាយដោយទីភ្នាក់ងារ CNN បាននិយាយថា ប្រជាជននៅទីក្រុង អ៉ីស្មឺ (Izmir) បាននាំគ្នាចេញមកឈរតាមដងផ្លូវ និងទីវាលខណៈគ្រោះរញ្ជួយដីបានបង្កឲ្យអគារនៅក្នុងទីក្រុង ជាប់ឆ្នេរសមុទ្រភាគខាងលិចតួកគីមួយនេះញាប់ញ័រ និងខ្លះដួលរលំតែម្តង។

ចំណែកលោកអភិបាលក្រុង ក៏បានប្រាប់ CNN ថា អគារសរុបជាង ២០ខ្នងបានដួលរលំ ខណៈអគារមួយចំនួនទៀតនៅក្នុងតំបន់ ប័រណូវ៉ា(Bornova) និង បេយរ៉ាគ្លី (Bayrakli) ដែលស្ថិតនៅក្បែរចំណុចរញ្ជួយនោះ ក៏បានរងការបំផ្លាញផងដែរ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងចេញពីក្នុងជម្រៅដី១០គីឡូម៉ែត្រ នៅក្នុងដែនសមុទ្រទល់មុខទីក្រុង Izmire របស់តួកគីតែម្តង។ពេលនេះអាជ្ញាធរតួកគី កំពុងតែចេញប្រតិបត្តិការ សង្គ្រោះយ៉ាងរហ័សបំផុតទៅកាន់កន្លែងកើតហេតុ ជាពិសេសកន្លែងដែលមានអគារដួលរលំ៕ដោយ៖ស តារា


ចែករំលែក៖