ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនករណីប៉ុនប៉ងលួចទូរស័ព្ទដៃតែមិនបានសម្រេច។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង០៣ និង០០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅចំណុចការ៉ាស់ជួសជុលរថយន្ត ផ្លូវសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកថ្លាបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខន សុខេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមានឈ្មោះ នៅ ឈួន ភេទប្រុសអាយុ៣១ឆ្នាំមុខរបររត់ម៉ូតូកង់បីស្នាក់នៅកន្លែងកើតហេតុ។
ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍បានឲ្យដឹងទៀតថា នៅមុនពេលកើតជនរងគ្រោះបានដេកលង់លក់នៅលើម៉ូតូកង់បីស្រាប់តែលេចមុខជនសង្ស័យបានដើរមកប៉ុនប៉ងលួចយកទូរស័ព្ទប៉ុន្តែសន្តិសុខឃើញទាន់ក៏ចាប់បានប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា