ព័ត៌មានទាន់ហេតុការណ៍៖

តៃកុងរថយន្តម្នាក់ឈប់រថយន្តចុះបត់ជើងតូចត្រូវឡំប្រឺតាបុកពីក្រោយបណ្តាលឲ្យរងរបួសបាក់ជើង

ចែករំលែក៖

ភ្នំពេញ ៖ តៃកុងរថយន្តម្នាក់ឈប់រថយន្តចុះបត់ជើងតូច ត្រូវឡំប្រឺតាបុកពីក្រោយបណ្តាលឲ្យរងរបួសបាក់ជើង កាលពីវេលាម៉ោង១៦ និង៤៥នាទី ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចឡុងឈិន ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តរងគ្រោះម៉ាកកាមរីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2K-0933 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង អ្នកបើកបរឈ្មោះ ចន ចាន់ណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលបើកមកដល់កន្លែងកើតហេតុ បានឈប់រថយន្តចុះបត់ជើង ពេលបត់ជើងរួចក៏បានដើរមករថយន្តបម្រុងនឹងបើកទ្វារ ភ្លាមនោះស្រាប់តែមានឡំប្រឺតាបានមកបុកពីក្រោយតែម្តង។ឡំប្រឺតាបង្កហេតុពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HM-4069 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) ដែលអ្នកបើកបរឈ្មោះសុខ ម៉េត  ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ករណីនេះបណ្តាលអោយមនុស្សរងរបួសធ្ងន់ចំនួន១នាក់បាក់ជើងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ និងខូចខាតរថយន្តនិងម៉ូតូស្រាលចំនួន២គ្រឿង។ ក្នុងករណីនេះផងដែរកម្លាំងយើងបានប្រគល់ជូនផ្នែកជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធី៕

ដោយ៖ព្រែកសំរោង


ចែករំលែក៖