ភ្នំពេញ៖ បើតាមការអះអាងពីរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះថា បើគិតត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០២០ កម្ពុជានាំអង្ករចេញទៅក្រៅប្រទេស បានជាង៥៣ម៉ឺនតោន។ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួននេះមានការកើនឡើងជាង១៧ភាគរយ។
រដ្ឋមន្រ្តីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ លទ្ធផល នៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២០ សម្រេចបាន ៥៣៦,៣០៥តោន ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១,១៣២តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩,០១២តោន និងអង្ករចំហ៊ុយមានចំនួន ៦,១៣៨ តោន។ លោករដ្ឋមន្ដ្រី បន្ថែមថា ការនាំចេញអង្កររយៈ១០ខែដើមឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨,៣៦៥តោន ស្មើនឹង១៧.១១% ដែលធៀបទៅនឹងរយៈពេល១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧,៩៤០តោន។
ជាមួយគ្នានេះ លោកវេង សាខុន បានបញ្ជាក់ទៀតថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងរយៈពេល១០ខែនេះ មានចំនួន៦០ប្រទេស។ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន២៤ ក្នុងចំណោម២៨ប្រទេស, ប្រទេសចិន (រួមទាំងកោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ាន ចំនួន៦ ហើយនៅទ្វិបដ៏ទៃទៀតចំនួន ២៩ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន១០ ក្នុងចំណោម៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។
សូមជម្រាបថា ការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល១០ខែ ដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ទី១៖ ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ប្រទេស មានបរិមាណសរុបចំនួន ១៧៤,៣៩១ តោនកើនចំនួន៣២.៥១%, ទី២៖ ប្រទេសចិនមានបរិមាណសរុប ចំនួន១៩៤,៤៥១តោន កើនឡើងចំនួន ៣៦.២៦%, ទី៣៖ បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុប ចំនួន៧១,៨៨២តោន កើនឡើងចំនួន១៣.៤០%, និងទី៤៖ គោលដៅដ៏ទៃទៀត ចំនួន២៩ប្រទេស មានបរិមាណសរុបចំនួន ៩៥,៥៨១តោន បានកើនឡើងចំនួន១៧.៨៣%។
ដោយឡែក សម្រាប់រយៈពេល៩ខែ ២៨ថ្ងៃ ឆ្នាំ២០២០ (មកទល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០) ការនាំចេញស្រូវទៅតាមបណ្តាច្រក នៃខេត្តជាប់ព្រំដែនប្រទេសវៀតណាម មានបរិមាណសរុបចំនួន ១,៤២៧,២២៦តោន៕ដោយ៖ស តារា