បណ្តាប្រទេសជាសមាជិក សហគមន៍អឺរ៉ុប (EU) នឹងអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងដែល (EU)បានផលិត ។
ការប្រកាសខាងលើកើតឡើងក្រោយពេលនាយករដ្ឋមន្ត្រីហុងគ្រី លោកViktor Orbanបានប្រកាសថា ប្រទេសរបស់លោកនឹងទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ពីប្រទេសរុស្ស៊ីនិងចិន។
អ្នកនាំពាក្យសហគមន៍អឺរ៉ុប លោក Eric Mamer បានប្រកាសនៅក្នុងសន្និសីទកាសែតនាថ្ងៃទី៣០ខែតុលាថា « មិនថាវ៉ាក់សាំងនៅក្នុងប្រទេសណានោះឡើយ គឺពេលប្រើប្រាស់នៅតំបន់អឺរ៉ុបត្រូវតែមានកម្រិតសុវត្ថិភាព និងគុណភាព ដែលសហគមន៍អឺរ៉ុបទទួលស្គាល់និងអនុញ្ញាត»។
ការលើកឡើងរបស់សហគមន៍អឺរ៉ុប មិនសំដៅទៅលើនាយករដ្ឋមន្ត្រីហុងគ្រីនោះឡើយ ប៉ុន្តែការប្រកាសនោះកើតឡើងក្រោយនាយករដ្ឋមន្ត្រីហុងគ្រីនិយាយថានឹងពិភាក្សាជាមួយចិន -រុស្ស៊ី ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅឆ្នាំ ២០២១។
នាយករដ្ឋមន្រ្តីហុងគ្រី បានប្រកាសថា វ៉ាក់សាំងលើកទីមួយនឹងទទួលបាននៅខែធ្នូ ឆ្នាំ២០២០ និងមួយលើកទៀតនៅខែមករា ឆ្នាំ២០២១។
ប៉ុន្តែសហគមន៍អឺរ៉ុបមិនអនុញ្ញាតឲ្យប្រទេសហុងគ្រីទិញវ៉ាក់សាំងពីប្រទេសចិននិងរុស្ស៊ីនោះឡើយ ដោយអឺរ៉ុបបានចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពីក្រុមហ៊ុន AstraZeneca, Sanofi-GSK និងJohnson & Johnson៕ដោយ៖ធី រីណា