ព័ត៌មានទាន់ហេតុការណ៍៖

ចែ ក្រឹម ខឹងសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើនៅស្រុកប្រាសាទបល្ល័ង្កចាប់ឈើ មកស្រែកជេរដាក់ទំនាយទាំងកំរោល

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ស្ត្រីម្ចាស់រថយន្តដឹកឈើមួយគ្រឿងដែលបានដឹកឈើថ្មីបង្កប់ជាមួយនឹងឈើចាស់បន្លំភ្នែកសមត្ថកិច្ច ឈ្មោះចែក្រឹម បានបញ្ចេញកំហឹងទល់កំហល់ ដោយបានជេរប្រមាថសមត្ថកិច្ច បន្ទាប់ពីក្រុមជំនាញរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចឃាត់រថយន្តដឹកឈើមួយគ្រឿងប្រភេទយីឌុបមានទ្រុងពណ៌ត្រួយចេក ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-4541 កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០កន្លងទៅ។ 

ស្ត្រីជាម្ចាស់ឈើបានមកជេរដាក់បណ្ដាសាទៅលើសមត្ថកិច្ចថា«ចាប់ឈើរបស់គាត់ជាឈើចាស់សម្រាប់យកទៅធ្វើផ្ទះ ហើយសកម្មភាពជេរនេះគឺគាត់បានមកស្រែកឡូឡានៅកន្លែងរដ្ឋបាលព្រៃឈើស្រុកប្រាសាទបាល្ល័ង្កតែម្តង»។ 

ប៉ុន្តែក្រោយមកសមត្ថកិច្ចបានបង្កើតគណៈកម្មការចុះពិនិត្យនិងលើកឈើចុះពីរថយន្តទើបដឹងថា រថយន្តនេះដឹកឈើចាស់ដាក់ផ្នែកខាងលើ ហើយខាងក្រោមជាប្រភេទឈើអារថ្មីប្រមាណជា៥ ម៉ែត្រគូប ។ ក្នុងស្ថានភាពបែបនេះស្ត្រីម្ចាស់ឈើក៏បានព្យាយាមចាកចេញពីកន្លែងកើតហេតុ ព្រោះខ្លាចសមត្ថកិច្ចនិងកម្លាំងជំនាញធ្វើការឃាត់ខ្លួន។ 

សូមបញ្ជាក់ផងដែរថា៖ ការបង្ក្រាបរថយន្តដឹកឈើខាងលើនេះដឹកនាំដោយលោក ហោ ភាជ នាយរងអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប សហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកប្រាសាទបល្ល័ង្ក ផ្នែករដ្ឋបាលព្រៃឈើកំពង់ស្វាយ ។

អ្នកបើកបររថយន្តយីឌុបដឹកឈើ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ៖ ខ្លួនបានដឹកស៊ីម៉ងត៍ពីរាជធានីភ្នំពេញទៅកាន់ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្រោយមកគឺឈ្មោះចែក្រឹម បានទូរស័ព្ទឲ្យគាត់ដឹកឈើពីខេត្តព្រះវិហារទៅកាន់ខេត្តតាកែវជាប្រភេទឈើចាស់ៗរើពីផ្ទះចំនួនពីរខ្នងក្នុងតម្លៃ២លានរៀល ហើយចំពោះករណីការចំណាយថវិកាផ្សេងៗ តាមដងផ្លូវគឺជាភារកិច្ចរបស់ចែក្រឹមដែលជាម្ចាស់ឈើ ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលក្នុងការដឹកជញ្ជូនតែប៉ុណ្ណោះ។

ទោះជាករណីនេះ ចែក្រឹមបានគេចខ្លួនពីកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តឆ្លើយប្រាប់សមត្ថកិច្ចដូចខាងលើនោះក៏ដោយ ក៏សមត្ថកិច្ចនិងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ធំចាត់ការតាមនីតិវិធី។

ដោយឡែកចំពោះករណីចែក្រឹមដែលជាម្ចាស់ឈើស្រែកជេរដាក់បណ្ដាសា ទៅលើសមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើ ក៏ដូចជាគាត់អ្នករកស៊ីដឹកឈើល្មើសច្បាប់នេះ គេពុំដឹងថានីតិវិធីបន្ទាប់ខាងជំនាញឬខាងស្ថាប័នអយ្យការចាត់វិធានការបែបណានៅឡើយទេ ។ ខណៈចែក្រឹមនេះល្បីបំផុតនៅខេត្តកំពង់ធំ ថាជាអ្នករកស៊ីដឹកជញ្ជូនឈឺអារខុសច្បាប់ដ៏ធំកន្លងមក រហូតដល់បច្ចុប្បន្ន៕

ដោយ៖ សិលា


ចែករំលែក៖