អន្តរជាតិ៖ នៅថ្ងៃសៅរ៍ទី៣១ ខែតុលា ឆ្នាំ២០២០នេះ អាជ្ញាធរប្រទេសហ្វីលីពីន បានចេញបញ្ជាឲ្យប្រជាជនមានការជម្លៀស ចេញពីភាគខាងត្បូងនៃកោះធំ លូហ្សុន (Luzon) ដែលស្ថិតនៅភាគខាងជើងប្រទេស ក្នុងនោះមានរដ្ឋធានីម៉ានីលផងដែរ ព្រោះតែព្យុះទីហ្វុង ដ៏សាហាវបំផុតប្រចាំឆ្នាំ២០២០នេះ នឹងកំពុងរំកិលមកកាន់តំបន់នេះ។
បើតាមសារព័ត៍មាន CNA ដែលដកស្រង់ចេញផ្សាយពីរដ្ឋាភិបាលហ្វីលីពីនបានបញ្ជាក់ថា ព្យុះទីហ្វុងកម្រិតទី ៥ ជាកម្រិតអាក្រក់បំផុតប្រចាំឆ្នាំ២០២០នេះ ហើយវាមានឈ្មោះថា ហ្គោនី (Goni) ដែលមានល្បឿនខ្យល់បោកបក់រហូតដល់ ២១៥គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបង្កើនសន្ទុះដល់ ២៦៥គីឡូម៉ែត្រក្នុងមួយម៉ោងនោះ នឹងរំកិលមកដល់តំបន់ភាគខាងត្បូងកោះ លូហ្សុន នៅថ្ងៃអាទិត្យស្អែកនេះ។
មិនតែប៉ុណ្ណោះ ព្យុះទីហ្វុងកម្រិតទី ៥ នេះ ត្រូវបានចាត់ទុកថា ជាព្យុះអាក្រក់បំផុត ដែលហ្វីលីពីនមិនធ្លាប់ជួបប្រទះនោះឡើយ គិតចាប់តាំងពីខ្យល់ព្យុះហៃយ៉ាន (Haiyan) ដែលបានបោកបក់ និងសម្លាប់ប្រជាជនហ្វីលីពីនជាង៦,៣០០នាក់កាលពីឆ្នាំ២០១៤។
ដោយឡែក បើតាមវិទ្យុហ្វីលីពីន DZBB បានប្រកាសជុំវិញគ្រោះមហន្តរាយដែលនឹងមកដល់ឆាប់ៗនេះ បានប្រាប់ប្រជាជនរបស់ខ្លួនថា៖«កម្លាំងនៃព្យុះទីហ្វុង Goni គឺមិនមែនជារឿងលេងសើចនោះឡើយ» ហើយអាជ្ញាធរនៅតាមបណ្តាខេត្តក្នុងតំបន់កោះ លូហ្សុន ដូចជា កាម៉ារីនស៍ ណត(Camarines Norte) និង កាម៉ារីនស៍ សួ (Camarines Sur) ជាដើមត្រូវតែជម្លៀសប្រជាជនជាបន្ទាន់ ទៅរកទីកន្លែងដែលមានសុវត្ថិភាព។
គួរជម្រាបផងថា ព្យុះទីហ្វុងមួយនេះ នឹងវាយប្រហារប្រទេសហ្វីលីពីនបន្ទាប់ពីប្រទេសដីកោះមួយនេះ ទើបទទួលរងការវាយលុកពីព្យុះទីហ្វុង ម៉ូឡាវ (Molave) ដែលបានផ្តាច់ជីវិតមនុស្សរហូតដល់ទៅ ២២នាក់ និងមួយចំនួនទៀតបន្តបាត់ខ្លួន រកពុំទាន់ឃើញអស់ផង។ ខណៈកម្លាំងនៃព្យុះទីហ្វុង Goni នឹងក្លាយជាព្យុះកំណាចទី ១៨ ដែលបោកបក់មកលើហ្វីលីពីនក្នុងឆ្នាំនេះ៕
ដោយ៖ស តារា