ខេត្តត្បូងឃ្មុំ៖ ឆ្លៀតពេលឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងក្រុមការងារ បានអញ្ជើញចូលរួមច្រូតស្រូវ ប្រមូលភោគផលកសិកម្ម ជាមួយបងប្អូនកូនក្មួយ ប្រជាកសិករ នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សម្តេចបានមានប្រសាសន៍ថា ៖ កាដាំដុះ ជាជីវភាព របស់សម្តេច ដែលជាកូនកសិករ។ សម្តេចតែងតែ ចូលរួមបង្កបង្កើនផលស្រូវ ជាមួយបងប្អូន កូនក្មួយជាកសិករ នៅពេលនៅទំនេរពីការងារប្រទេសជាតិ តាំងពីដើម រហូតរៀងមក មិនថាពេលភ្ជួររាស់ ដកស្ទូង និងច្រូតកាត់ បោកបែន នោះទេ។
ក្នុងពេលនោះដែរ សម្តេចបានអញ្ជើញចុះពិនិត្យ តំបន់ដែលសម្តេចធ្លាប់បានឆ្លងកាត់ ក្នុងសមរភូមិ និងពេលរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា “ទីនោះជាស្លាកស្នាមអតីតកាលនិងប្រវត្តិសាស្រ្ត មិនអាចបំភ្លេចបាន ក្នុងបុព្វហេតុជាតិមាតុភូមិ”។ បន្ទាប់មកសម្តេចបានអញ្ជើញបន្តដំណើរទៅពិនិត្យ វឌ្ឍនភាពការសាងសង់សមិទ្ធផលនានា នៅច្រកទ្វាព្រំដែនអន្តរជាតិ កំពង់ម៉ឺនជ័យ។
នៅក្នុងថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះផងដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមជូនពរជនរួមជាតិ ទទួលបាន សុខសុវត្ថិភាព ក្នុងការធ្វើដំណើរកម្សាន្ត ជួបជុំក្រុមគ្រួសារ ហើយកុំភ្លេចអនុវត្តវិធានការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
ដោយ៖ សិលា