ខេត្តឧត្តរមានជ័យ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រារព្ធពិធីសំណេះសំណាល សួរសុខទុក្ខអតីតនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដែលបានចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារអាវុធហត្ថពលី មរណៈ សរុបចំនួន ៤៦នាក់ ក្នុង១នាក់ឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល។ នាយ នាយរង និងពលអាវុធហត្ថខេត្តចំនួន ១៦៦នាក់ ក្នុង១នាក់ ឧបត្ថម្ភថវិកា ១០ម៉ឺនរៀល។ ក្រៅពីនោះបានឧបត្ថម្ភថវិកាជូនដល់អតីតយុទ្ធជនចំនួន២៨គ្រួសារក្នុងខេត្តបន្ទាយមានជ័យសរុបចំនួន២៨០លានរៀល ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៣ ទី៤ ទី៥ កងពលធំលេខ២ លេខ៣ កងពលតូចអន្តរាគមន៍លេខ៤១ លេខ៤២ លេខ៥១ តំបន់ប្រតិបត្តិការសិករងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុង១អង្គភាពចំនួន៤០លានរៀល ព្រមទាំងឧបត្ថម្ភថវិកា១៣២សែនរៀល ជូនដល់ពេទ្យចំនួន១៣២នាក់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩។ ក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានកៀរគរថវិកាពីសប្បុរសជន ចំណាយក្នុងការឧបត្ថម្ភសរុបចំនួនប្រមាណ ៧៧៣លានរៀល។
កាយវិការ និងការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ដល់សុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូននិវត្តន៍ជន ពិការ គ្រួសារអាវុធហត្ថពលី មរណៈ និងអង្គភាពទ័ពផងដែរ។
មានប្រសាសន៍ក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានពាំនាំបណ្ដាំសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ បានកោតសរសើរចំពោះការដឹកនាំ ការសាមគ្គី ការមានវិន័យ ជាគំរូ និងការអនុវត្តតួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ទទួលបានលទ្ធផលល្អ៕
ដោយ៖ សិលា