ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី រួមជាមួយ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់គ្រួសារអតីតយុទ្ធជន, គ្រួសារក្រីក្រ, ស្ត្រីមេម៉ាយ និងចាស់ជរា ចំនួន២០០គ្រួសារ នៅស្រុកកងមាស ។ ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងឃុំ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងនាមប្រជាពលរដ្ឋទាំង ២០០គ្រួសារ និងអាជ្ញាធរមូលដ្ឋាន បានថ្លែងនូវអំណគុណ យ៉ាងជ្រៀលជ្រៅបំផុត ចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ មានជីវភាពលំបាក និងបានចាត់តាំងឱ្យតំណាងរបស់សម្តេចទាំងទ្វេរ នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ មកជូនបងប្អូនប្រជាពលរដ្ឋយើង ដើម្បីរួមចំណែកដោះទ័ល និងជួយសម្រួលដល់ការលំបាកក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ នោះ។
លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យបានគ្រប់ៗគ្នា។ ជាមួយនោះ ត្រូវប្រកាន់ខ្ជាប់ខ្ជួន នូវវិធានការអនាម័យ ដោយអនុវត្ត ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បី ចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ មិនឲ្យឆ្លងចូល ទៅក្នុងសហគមន៍។
លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកម្ពុជា ជូនចំពោះ លោកតា លោកយាយ អ៊ុំ ពូ មីង ទាំងអស់ ជាពិសេស បងប្អូនប្រជាពលរដ្ឋទាំង ២០០គ្រួសារ ដែលអញ្ជើញមកទទួលអំណោយ នាពេលនេះ ។ លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា ជាការពិតណាស់ ទីណា មានការលំបាក ទីនោះ តែងតែមានវត្តមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅជាប់ជាមួយ ពោលគឺ សម្ដេចទាំងទ្វេរ ពុំរត់ចោលប្រជាពលរដ្ឋឡើយ ហើយតែងតែមករួមសុខរួមទុក្ខ ដើម្បីដោះស្រាយបញ្ហា ជាមួយនឹងប្រជាពលរដ្ឋយើង នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈទាំងអស់។
លោកបញ្ជាក់ថា យ៉ាងណាម៉ិញ ក្នុងអំឡុងពេលមានទឹកជំនន់ កន្លងមកថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបញ្ជាបន្ទាន់ ដល់អាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ឲ្យចុះជួយអន្តរាគមន៍សង្គ្រោះ ជម្លៀស បងប្អូនប្រជាពលរដ្ឋយើង ទៅកាន់ទីទួលសុវត្ថិភាព និងផ្ដល់អំណោយសង្គ្រោះ ទៅកាន់គោលដៅនីមួយៗដោយមិនទុកឱ្យប្រជាពលរដ្ឋ ណាម្នាក់ អត់អាហារ ហើយអាជ្ញាធរមិនបាន ដឹងលឺឡើយ។ សម្ដេច ហ៊ុន សែន បានដឹកនាំប្រទេស ឱ្យមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ពោលគឺ ចាប់តាំងពីបាតដៃទទេ រហូតមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។ សម្ដេច និងវីរបុរស ជាច្រើនទៀត បានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីប្ដូរយកសន្តិភាព ជូនជាតិ និងប្រជាជនកម្ពុជា។ ដូច្នេះ យើងទងអស់គ្នាត្រូវ ចូលរួមការពារថែរក្សា សន្តិភាព និងបន្តការជឿជាក់ លើការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តការគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិជាបន្តបន្ទាប់។
ដោយ៖សិលា