ភ្នំពេញ៖ ទារកម្នាក់ទើបតែកើតមកមិនទាន់ឃើញពន្លឺថ្ងៃផងត្រូវបានគេយកមកប្លុងចោលរហូតដល់ស្លាប់នៅជាប់របងសាលារៀនវត្តភ្នំ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅជាប់របងសាលារៀនវត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា គេបានឃើញកេសក្រដាសទំហំប្រហែលកន្លះម៉ែត្រ៤ជ្រុងដែលត្រូវបានគេយកមកបោះចោល។ ដោយប្រជាពលរដ្ឋមានការងឿយឆ្ងល់ ពេកទើបនាំគ្នាទៅបើកកេសនោះមើលស្រាប់តែប្រទះឃើញទារកម្នាក់ដែលទើបតែកើតស្លាប់នៅក្នុងកេសនោះបាត់ទៅហើយ រួចក៏បានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យមើល។
ក្រោយពីកម្លាំងសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចហើយ បានយកសពទារកនោះទៅធ្វើបុណ្យនៅវត្តតាមប្រពៃណី៕
ដោយ៖ រ៉ារ៉ា