ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃក្នុងខេត្តស្វាយរៀងមានភ្ញៀវទេសចរមកកម្សាន្តប្រមាណជាង៣ពាន់នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក វ៉ាន់ សារ៉ាត់ប្រធានមន្ទីទេសចរណ៍ខេត្តស្វាយរៀងបានឱ្យដឹងថា ក្នុងឱកាសឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ
រយះពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះមានភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តស្វាយរៀងសរុបចំនួន៣.៣១៩នាក់។

លោកបន្តថា ចំពោះអ្នកដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសរុបមាន ១.២៦១នាក់និងកម្សាន្តតាមអាហារដ្ឋាន និងអាងហែលទឹកសរុប ២.០៥៨នាក់សរុបទាំងអស់មានចំនួន ៣.៣១៩នាក់។
ដោយមានការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យបរិស្ថាននៅតាមរមណីយដ្ឋានបានល្អប្រសើរ ពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

លោកប្រធានមន្ទីរបានអំពាវនាវដល់លោក លោកស្រីម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ។

វិធានសុវត្ថិភាពទេសចរណ៍ដែលត្រូវអនុវត្តនោះ រួមមាន៖ ការលាងសម្អាតដៃនឹងអាល់កុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល បុគ្គលិកត្រូវពាក់ម៉ាស់ និងវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារនៃប្រកាសលេខ ០៨៥ប្រក ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍៕

ដោយ៖ យឹម សុថាន


ចែករំលែក៖