ខេត្តកណ្ដាល៖ បុរសម្នាក់បានរងរបួសដៃយ៉ាងដំណំដោយសារតែគូទំនាស់របស់ខ្លួនយកកាំបិតផ្គាក់កាប់ព្រោះតែទាស់ពាក្យសម្តីគ្នារឿងជំពាក់ប្រាក់ចំនួន២ម៉ឺនរៀល។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទីនៅចំណុចភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេង សុឃឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ហៀប លាងហេង ហៅហើម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងចាប់យកមានកាំបិតផ្គាក់ចំនួន១។
ប្រភពដដែលបន្តថា កាលពីថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះឈ្មោះចេង សុខឿន កំពុងដេកលើអង្រឹងក្រោមផ្ទះ២នាក់ប្រពន្ធ ភ្លាមនោះជនសង្ស័យឈ្មោះហៀប លាងហេង ហៅហើមបានជិះកង់ម្នាក់ឯងមកឈប់នៅមុខផ្ទះជនរងគ្រោះ ហើយក៏បានជជែកជាមួយជនរងគ្រោះពីរឿងជនរងគ្រោះជំពាក់ប្រាក់ខ្លួនចំនួន២០.០០០រៀល ខណៈនោះក៏បានឈ្លោះគ្នា ដោយជនរងគ្រោះកាន់ដំបង ហើយក៏មានការវ៉ៃគ្នាបណ្តាលឲ្យជនរងគ្រោះរបួសមុតកដៃឆ្វេង។ បន្ទាប់ពីមានករណីខាងលើរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលតាលន់ដើម្បីឱ្យចាត់ការតាមច្បាប់។
ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ទទួលបានពាក្យបណ្ដឹងខាងលើ ភ្លាមនោះក៏ធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ រួចកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋាននគរបាលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ