ព័ត៌មានទាន់ហេតុការណ៍៖

បើទោះបីនៅរាជធានីភ្នំពេញមិនមានពិធី ប្រណាំងទូកក្ដី ក៏ប្រជាពលរដ្ឋយ៉ាងច្រើនកុះករដើរលេងកម្សាន្តដែរតែពួកគាត់បានគោរពវិធានការការពារជំងឺកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅរាជធានីភ្នំពេញ នាថ្ងៃឈប់សម្រាកក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាមួយនឹងវិធានការការពារជំងឺកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួន ដើម្បីធ្វើយ៉ាងណាកុំឱ្យឆ្លងជំងឺនេះចូលទៅក្នុងសហគមន៍។
បើទោះបីពុំមានព្រះរាជពិធីប្រណាំងទូកក៏ដោយ ក៏ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានាបានមកលេងកម្សាន្តនៅរាជធានីភ្នំពេញ នៅមុខព្រះបរមរាជវំាង សួនសម្តេចតេជោហ៊ុន សែន និងតំបន់រមណីយដ្ឋានវត្តភ្នំយ៉ាងច្រើនកុះករនិង សប្បាយរីករាយ ។  នៅក្នុងឱកាសដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកទំាង៣ថ្ងៃនេះ ប្រជាពលរដ្ឋមិនភ្លេចឡើយពីការថែរក្សាសុវត្ថិភាពសុខភាព តាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍របស់ក្រសួងសុខាភិបាល ការធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាពជាដើម។
លោក ចាន់ វាសនា ជាប្រជាពលរដ្ឋមកពីខេត្តកណ្តាល បានឱ្យដឹងនៅថ្ងៃទី០១ វិច្ឆិកានេះថា៖ ថ្វីដ្បិតតែឆ្នាំនេះមិនបានប្រារព្ធព្រះរាជពិធីប្រណាំងទូក ក៏ដោយ តែនៅមុខព្រះបរមរាជវាំងនៅតែមានប្រជាពលរដ្ឋមកលេងកម្សាន្តច្រើនកុះករ គឺដោយសារតែប្រទេសកម្ពុជាយើង សព្វថ្ងៃមានការអភិវឌ្ឍនិងមានសុខសន្តិភាព ។
លោកបានបន្តថា រយៈពេលបីថ្ងៃនៃថ្ងៃឈប់សម្រាកនេះ ប្រជាពលរដ្ឋមួយចំនួនបានមកលេងនៅរាជធានីភ្នំពេញ និងមួយចំនួនទៀតទៅដើរលេងកម្សាន្តនៅតាមបណ្តាខេត្ត។ តែទោះជាយ៉ាងណាក៏ដោយ ពួកគាត់នៅតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធានអនាម័យ ការរក្សាគម្លាតសង្គម ដើម្បីធ្វើយ៉ាងណាការពារពីការឆ្លងនូវជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងនៅតាមសហគមន៍។
លោកបញ្ជាក់ថា យើងឃើញថាបើទោះបីអត់បានប្រារព្ធពិធីបុណ្យអុំទូកក៏ដោយប៉ុន្តែនៅតែមានមនុស្សមកដើរលេងច្រើនមានមនុស្សច្រើននៅពេលព្រឹក ទម្រាំដល់ពេលល្ងាចទៀតមនុស្សច្រើនជាងហ្នឹងទៀត។ ចំពោះការការពារខ្លួនពីជំងឺកូវីដ-១៩ យើងរក្សាអនាម័យជាប់ជាប្រចាំ ដូចជាការលាងដៃជាមួយទឹកអាល់កុល យើងការពារទាំងអស់គ្នា យើងដឹងពីវិធីការពាររៀងៗខ្លួន ការពារផ្ទាល់ខ្លួន ព្រោះអីមានតែខ្លួនឯងទេដែលដឹងពីការការពារខ្លួនឯងទើបល្អ ។
ចំណែកអ្នកស្រី វណ្ណ ឆៃ ជាប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺបានឱ្យដឹងដែរថា ថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូកនេះ បងស្រីនិងក្រុមគ្រួសារបានមកលេងនៅមុខព្រះបរមរាជវាំងយ៉ាងសប្បាយរីករាយ ដោយសារតែអាជ្ញាធរបានរៀបចំអនាម័យ បរិស្ថានបានស្អាតល្អ ដែលមិនបារម្ភពីការឆ្លងនូវជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា៖ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះទោះបីពុំមានការប្រណាំងទូកក៏ដោយ ក៏អាជ្ញាធររាជធានីភ្នំពេញបានរៀបចំសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អនៅតាមតំបន់កម្សាន្តសប្បាយជាច្រើន ដើម្បីសម្រួលចរាចរណ៍ រក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឱ្យមានភាពកក់ក្តៅ និងសប្បាយរីករាយ ៕ សំរិត

 


ចែករំលែក៖