ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើងធំ Arsenal និងមាន់ខ្នាយមាស Tottenham ទទួលបាន៣ពិន្ទុក្នុងការប្រកួតសប្តាហ៍ទី៧ ក្របខ័ណ្ឌ Premier League

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal និងក្រុមមាន់ខ្នាយមាស Tottenham បានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតក្របខ័ណ្ឌអង់គ្លេស​ Premier League សប្តាហ៍ទី៧ កាលពីយប់មិញ ដោយក្រុម Arsenal បានយកឈ្នះក្រុមខ្លាំងម្ចាស់ផ្ទះបិសាចក្រហម Manchester United ក្នុងលទ្ធផល១ទល់០។

ក្រុមម្ចាស់ផ្ទះ Man United បានព្យាយាមដាក់សម្ពាធទៅលើក្រុមភ្ញៀវ Arsenal ប៉ុន្តែនៅតែមិនអាចស្វែងរកគ្រាប់បាល់បាននៅតង់ទី១ ហើយពេលចូលដល់តង់ទី២ ក្រុមទាំង២មានឱកាសល្អដូចគ្នា ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីបានឡើយ។ រហូតដល់នាទីទី៦៩ កីឡាករខ្សែការពាររបស់ក្រុមបិសាចក្រហមបានធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រ ដែលស៊ុតដោយកីឡាករ Aubameyangធ្វើឲ្យចប់ការប្រកួត ក្រុមកាំភ្លើងធំ Arsenal យកឈ្នះក្រុមបិសាចក្រហម Man United ក្នុងលទ្ធផល ១ទល់០ ឡើងទៅឈរចំណាត់ថ្នាក់លេខ៩បណ្តោះអាសន្ន ខណៈដែលក្រុមបិសាចក្រហមបានធ្លាក់មកចំណាត់ថ្នាក់លេខ១៥។

ចំណែកក្រុមខ្លាំងមាន់ខ្នាយមាស Tottenham បានយកឈ្នះក្រុមភ្ញៀវ Brighton ក្នុងលទ្ធផល២ទល់១ ដែល២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Tottenham រកបានដោយកីឡាករ Herry Kane នៅនាទីទី១៣ ដោយបាល់ពិន័យ១១ម៉ែត្រ និងគ្រាប់ទី២រកបានដោយកីឡាករ Garet Bale នៅនាទីទី៧៣។ ចំណែកក្រុមភ្ញៀវ Brighton រកបាន១គ្រាប់ដោយកីឡាករ Lamptey នៅនាទីទី៥៦។

ការទទួលបានជ័យជម្នះនេះធ្វើឲ្យកីឡាករ Bale ក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ដំបូងគេក្នុងនាមជាកីឡាករទើបមកចូលរួមនៅTottenham រដូវកាលថ្មីនេះ ហើយក៏ជាជ័យជម្នះដែលធ្វើឲ្យក្រុមខ្លាំងមួយនេះឡើងទៅឈរចំណាត់ថ្នាក់លេខ២ បណ្តោះអាសន្ននៅលីគកំពូលអង់គ្លេសមាន១៤ពិន្ទុ ចាញ់ក្រុមលេខ១ Liverpool ២ពិន្ទុប៉ុណ្ណោះ។ ចំណែកក្រុម Brighton ក្រោយពីចាញ់យប់មិញ បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១៦ ៕

ដោយ៖ភារៈ


ចែករំលែក៖