ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទទួលបានការលើកទឹកចិត្តពីមេបញ្ជាការ ក្រោយបំពេញបេសកកម្មសង្គ្រោះពលរដ្ឋ

ចែករំលែក៖

      ភ្នំពេញ៖ បន្ទាប់ពីបានបំពេញបេសកកម្មអស់ជាងកន្លះខែ នៅតំបន់រងគ្រោះដោយទឹកជំនន់រួចមក កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យដកចូលគោលដៅវិញជាបណ្តើរៗហើយ ដើម្បីបានសម្រាកពីការនឿយហត់ក្នុងរយៈកាលកន្លងមក និងទុកតែកម្លាំងខ្លះប្រចាំការនៅទីបញ្ជាការស្រាល ដើម្បីក្តាប់ស្ថានភាពប៉ុណ្ណោះ។

ព្រមជាមួយគ្នានេះផងដែរ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធីសំណេះសំណាល និងផ្តល់អំណោយលើកទឹកចិត្តដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានចុះបំពេញបេសកកម្ម ជួយសង្គ្រោះនិងបម្រើពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីជាការថ្លែងអំណរគុណនិងលើកទឹកចិត្តឲ្យកងកម្លាំងត្រៀមបំពេញបេសកកម្មដទៃៗក្រោយៗទៀត។ 

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងថ្លែងអំណរគុណរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងទៅកាន់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមគ្រួសារទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលាផ្ទាល់ខ្លួននិងពេលវេលាគ្រួសារ មកប្តេជ្ញាជួយសង្គ្រោះនិងបម្រើពលរដ្ឋ រងគ្រោះព្រោះទឹកជំនន់ ប្រកបដោយសាមគ្គីភាពនិងស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានជោគជ័យគ្រប់ជំហាន។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងបន្ថែមថា បើទោះបីជាទឹកជំនន់បានស្រកចុះ ហើយភារកិច្ចបានធូរស្រាលខ្លះ ក៏ពិតមែន តែកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ គឺត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីបំពេញភារកិច្ចដទៃទៀតជាច្រើន ពិសេសនៅចំពោះមុខនេះ កម្លាំងទាំងអស់ត្រូវចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅតាមកន្លែងផ្សេងៗក្នុងរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាថ្ងៃបុណ្យប្រពៃណីជាតិខ្មែរ ហើយលោកឧត្តមសេនីយ៍ឯកបានសន្យាថា នៅពេលណាដែលចប់ពិធីបុណ្យអុំទូកនេះ លោកនឹងអនុញ្ញាតឲ្យកងកម្លាំងបានផ្លាស់ប្តូរវេនគ្នាឈប់សម្រាកទៅជួបជុំគ្រួសារមួយរយៈខ្លី ហើយថ្ងៃនេះ លោកសូមផ្តល់ជូនកងកម្លាំងនូវអំណោយបន្តិចបន្តួចរួមមាន មី២កេស, ទឹកក្រូច១កេស និង ថវិកា ១០ម៉ឺនរៀលសម្រាប់កម្លាំងម្នាក់ៗដើម្បីជាការលើកទឹកចិត្តនិងសម្រាប់ជាកាដូផ្ញើទៅកាន់ក្រុមគ្រួសារទុកជាការចូលរួមអបអរសាទរពិធីបុណ្យអុំទូក បើទោះបីកងកម្លាំងមិនបានឈប់សម្រាកក៏ដោយ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖