ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ក្រោយពេលចូលរាំលេងក្នុងក្លិបកម្សាន្ត EPIC1 លុះចេញមកវិញបានយករថយន្តគេបើកចេញទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលទន្លេបាសាក់ថា រូបគាត់បានបាត់រថយន្តម៉ាក TOYOTA PRIUS មួយគ្រឿងដែលទុកនៅកន្លែងចតរថយន្ត រួចហើយចូលរាំលេងក្នុងក្លិបកម្សាន្ត EPIC1 លុះចេញមកវិញបានទៅយករថយន្ត តែរកមិនឃើញក៏សួរនាំសន្តិសុខ ស្រាប់តែសន្តិសុខប្រាប់មកវិញថា មាននារីម្នាក់បើកយកចេញទៅបាត់ហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៣ទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្លិបកម្សាន្ត អេភិច-១ (EPIC-1) មានទីតាំងស្ថិតនៅខាងជើងស្ថានទូតរុស្សី ផ្លូវរដ្ឋសភា ក្រុម១១៣ ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តដែលត្រូវបានគេលួចយកទៅបាត់នោះ ម៉ាក TOYOTA PRIUS (តូយ៉ូតាព្រូស) ពណ៌ទឹកមាស ពាក់ស្លាកលេខតាកែវ 2B-3336 កម្មសិទ្ធិករឈ្មោះ ជាតិ ច័ន្ទតុលា មានអាសយដ្ឋាននៅភូមិស្នោសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ជនរងគ្រោះបន្ថែមទៀតថា ក្នុងរថយន្តមានទ្រព្យសម្បត្តិមានតម្លៃមួយចំនួន ដូចជាលុយខ្មែរ៦លាន៨សែនរៀល និងឯកសារផ្សេងៗមួយចំនួនទៀត ។

បើតាមសម្ដីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានចេញពីខារ៉ាអូខេមួយកន្លែងនៅម្ដុំគិរីរម្យ ផ្លូវព្រះសីហនុ ហើយបើករថយន្តតែម្នាក់ឯង ចំណែកឯមិត្តភក្តិប្រុសស្រី៤នាក់ទៀត ជិះរថយន្តមួយគ្រឿងទៀតម៉ាក LAND CRUISER ពណ៌ស បានចូលមកក្លិបកម្សាន្ត អេប៉ិច-១ (EPIC-1) ជាមួយគ្នា។ លុះពេលចេញមកវិញ ក៏បានមកយករថយន្តរបស់ខ្លួនវិញ តែរកមិនឃើញ ក៏បានទៅសួរនាំសន្តិសុខដែលយាមនៅខាងក្រៅបរិវេណ ស្រាប់តែសន្តិសុខប្រាប់មកវិញថា មាននារីម្នាក់បើកយកចេញទៅបាត់ហើយ ទើបដឹងថានាងលួចរថយន្តរបស់ខ្លួន ក៏ប្រញាប់ទៅដាក់ពាក្យបណ្ដឹងទៅស្នាក់ការប៉ុស្តិ៍នគរបាលទន្លេបាសាក់តែម្ដង។

ក្រោយ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីងាយស្រួលដល់សមត្ថកិច្ចកំណត់មុខសញ្ញា ធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យផងដែរ។

លុះដល់ព្រឹកឡើង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះដដែល ទើបនារីដែលជាជនសង្ស័យបានបើករថយន្តខាងលើយកមកប៉ុស្តិ៍នគរបាលទន្លេបាសាក់ដើម្បីយកមកឲ្យសមត្ថកិច្ចនិងរកម្ចាស់វិញផងដែរដោយប្រាប់សមត្ថកិច្ចនិងម្ចាស់រថយន្តខាងលើថាខ្លួនច្រឡំរថយន្តរបស់ខ្លួនទើបព្រឹកឡើងដឹងថាជារថយន្តរបស់គេទើបយកមកប្រគល់ឱ្យសមត្ថកិច្ចនិងរកម្ចាស់វិញផងដែរ ។
គួរបញ្ជាក់ឱ្យដឹងថា រថយន្តម៉ាក toyota prius គេប្រើឈីបហេតុអីបានយកទៅស្រួលម្ល៉េះ?

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖  ជីណា


ចែករំលែក៖