ក្រុមភ្ញៀវចចកកំណាច Leicester City បានបំបាក់ក្រុមម្ចាស់ផ្ទះ Leeds United ក្នុងលទ្ធផល៤ទល់១ ក្នុងការប្រកួតសម្រាប់សប្តាហ៍ទី៧ ក្របខ័ណ្ឌអង់គ្លេស Premier League កាលពីរាត្រីថ្ងៃទី២ឈានចូលថ្ងៃទី៣ ខែវិច្ឆិកានេះ។
ក្រុមភ្ញៀវ Leicester City ធ្វើបានល្អតាំងពីតង់ទី១ ដោយរកបាន២គ្រាប់ ក្នុងនោះគ្រាប់ទី១រកបានដោយកីឡាករ Barnes នៅនាទីទី២ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Tielemans នៅនាទីទី២១។ ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមរកបានគ្រាប់បាល់តាមវិញ ដោយនៅនាទីទី៤៨ កីឡាករ Dallas របស់ក្រុម Leeds United រកបាន១គ្រាប់សងវិញ ។
ចូលដល់នាទីទី៧៦ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអង់គ្លេស Jami Vardyរកបាន១គ្រាប់បន្ថែមទៀត និងនៅនាទីទី៩០+1 ម៉ោងបន្ថែមកីឡាករក្រុម Leeds United បានបង្កកំហុសនៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រ ដែលជាការស៊ុតបាល់ប៉េណាល់ទីដោយកីឡាករ Tielemans ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Leicester City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Leeds United ក្នុងលទ្ធផល៤ទល់១។
លទ្ធផលនេះធ្វើឲ្យក្រុម Leicester City ឡើងឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្ននៅលីគកំពូលអង់គ្លេសមាន១៥ពិន្ទុ ចាញ់ក្រុមលេខ១ Liverpool តែ១ពិន្ទុប៉ុណ្ណោះ។ ចំណែកក្រុម Leeds United បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១២បណ្តោះអាសន្នមាន១០ពិន្ទុ។
សូមបញ្ជាក់ថា ក្រុម Leeds United នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Crystal Palace ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃទី៧ ខែវិច្ឆិកាបន្តទៀតសម្រាប់ការប្រកួតសប្តាហ៍ទី៨។ ចំណែកក្រុម Leicester City នឹងត្រូវប៉ះក្រុមភ្ញៀវ Sporting Braga សម្រាប់ការប្រកួតក្របខ័ណ្ឌ Europa League វគ្គជម្រុះតាមពូលនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ ៕ដោយ៖ភារៈ