ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជម្លោះជាមួយប្រពន្ធអ្នកភូមិស្រែកថា«ថ្លង់ណាស់ដេកពួនមិនបាន!» ផ្ទុះហិង្សាចាក់ស្លាប់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនបន្តទៅសង្គ្រោះព្យាបាលនៅរាជធានីភ្នំពេញ ខណៈត្រូវជនសង្ស័យរស់នៅក្បែរផ្ទះគ្នាមានជម្លោះជាមួយប្រពន្ធហើយត្រូវបានជនរងគ្រោះស្រែកថា«ថ្លង់ណាស់រកដេកពួនមិនបាន» ទើបបង្កជាហិង្សាចាក់សម្លាប់ផ្អើលទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥នាទីយប់ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។

បើតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះតូច សាវាន អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។

ចំណែកជនសង្ស័យដែលកំពុងរត់គេចខ្លួនឈ្មោះ ឆម តាក់ អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុបុរសសង្ស័យឈ្មោះ ឆម តាក់ បានមានជម្លោះទាស់ពាក្យសម្តីគ្នាជាមួយប្រពន្ធយ៉ាងខ្លាំងរហូតឮសំឡេងរំខានដល់ជនរងគ្រោះដែលនៅផ្ទះក្បែរគ្នាស្រែកប្រាប់ថា «ឈប់ឈ្លោះគ្នាទៅថ្លង់អ្នកជិតខាងណាស់ ទុកឲ្យគេឯងដេកពួនផង» ខណៈនោះស្រាប់តែជនសង្ស័យខឹងយ៉ាងខ្លាំងក៏លោតផ្លោះរបងចូលទៅក្នុងផ្ទះជនរងគ្រោះដោយបានយកដែកចុងស្រួចចាក់ទៅលើជនរងគ្រោះចំនួន៣កន្លែងគឺត្រូវចំពោះ១កន្លែង ស្មាឆ្វេង១កន្លែងនិងលើត្រចៀកឆ្វេង១កន្លែងបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរបង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដង។

ក្រោយកើតហេតុបុរសជាជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុករមាសហែក តែដោយសាររបួសធ្ងន់ធ្ងរពេកគ្រូពេទ្យបានបញ្ជូនទៅមន្ទីរពេទ្យខេត្ដ ហើយត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ តែដល់កណ្ដាលផ្លូវក៏បានស្លាប់គួរឱ្យអាសូរ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ យឹម សុថាន

 


ចែករំលែក៖