ខេត្តសៀមរាប៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនឡាវីតាបានបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២៩៤-២៩៥ ស្ថិតនៅក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង វិសុទ្ធ អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិ បឹងធំ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្ដសៀមរាប។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុមានរថយន្ដមួយគ្រឿងម៉ាក ហ្វដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0751 របស់ក្រុមហ៊ុន ឡាវីតា បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកតាមផ្លូវជាតិលេខ៦ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា អឹមស្លាស ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1S-5964 បើកបរក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើករថយន្តក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់យករថយន្ដ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាគង រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ហើយសាកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ