ព័ត៌មានទាន់ហេតុការណ៍៖

អុំទូកមកពីមើលស្រូវប្រាំងទាំងមិនស្រួលខ្លួនធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ពិតជាអកុសលណាស់ដែលស្រ្តីម្នាក់បានធ្លាក់ពីលើទូកបណ្តាលឲ្យលង់ទឹកស្លាប់ ខណ:អុំទូកត្រឡប់មកពីមើលស្រែប្រាំងដោយអាការ:មិនស្រួលខ្លួន។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបឹងកផល ភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ វ៉ែន លី ភេទស្រី អាយុ៤៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។មុនពេលកើតហេតុជនរងគ្រោះបានអុំទូកត្រឡប់ពីមើលស្រែប្រាំងមកផ្ទះវិញហើយដោយមានអាការៈមិនស្រួលខ្លួនជនរងគ្រោះក៏បានធ្លាក់ទឹកបណ្ដាលឱ្យលង់ទឹកស្លាប់ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ ។  លុះពេលបាត់ជនរងគ្រោះយូរមិនឃើញមកដល់ផ្ទះក្រុមគ្រួសារទៅរកមើលដល់បឹងឃើញតែទូកអណ្តែតលើទឹកក៏នាំគ្នាចុះរាវក្នុងទឹកទើបឃើញសពស្រង់មកដាក់លើគោករួចរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសពស្រ្តីរងគ្រោះខាងលើដល់កន្លែងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកមែន ហើយក៏ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ប្រាថ្នា


ចែករំលែក៖