ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ ចាប់ពីយប់ថ្ងៃទី ០៥ ដល់ថ្ងៃទី ០៧ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីតិចទៅបង្គួរ

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីយប់ថ្ងៃទី ០៥ ដល់ថ្ងៃទី ០៧ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីតិចទៅបង្គួរ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ព្យុះ ទី ១៩ ឈ្មោះ ហ្គោនី (GONI) បាន និងកំពុងស្ថិតនៅលើសមុទ្រចិនខាងត្បូង ។ តាមការព្យាករ ព្យុះនេះ បានប្តូរទិសដៅបន្តិចចូលមកផ្នែកខាងលើនៃភាគខាងត្បូងប្រទេសវៀតណាម ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប (Low Pressure) នៅពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជា នៅយប់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី ០៥ ដល់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖

– បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក តំបន់ខ្ពង់រាបភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីតិចទៅបង្គួរ ។
– បណ្តារាជធានី ខេត្តផ្សេងទៀត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន សូមជ្រាបជាព័ត៌មាន ។
ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖