ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បន្ដចុះពិនិត្យនិងបញ្ជាឲ្យកងកម្លាំងចម្រុះលាងសម្អាតភូមិឋានប្រជាពលរដ្ឋនៅក្នុងបុរីវីអាយភី សង្កាត់ស្ពានថ្ម បន្ទាប់ពីទឹកស្រកអស់

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីរាជការ អាជ្ញាធរ និងកម្លាំងចម្រុះបន្ដចុះលាងសម្អាតផ្លូវជូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្ម  ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីទឹកជំនន់បានស្រកអស់ពីលំនៅឋានពួកគាត់។ ការចុះលាងសម្អាតផ្លូវនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។ 

លោក ឃួង ស្រេងបានមានប្រសាសន៍ បញ្ជាក់ថា តាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោហ៊ុន សែន គឺបានឱ្យអាជ្ញាធររាជធានី/ខេត្តដែលទទួលរងការលិចលង់ដោយទឹកជំនន់ប្រើប្រាស់កម្លាំងចម្រុះទាំងអស់ធ្វើយ៉ាងណារំដោះប្រជាពលរដ្ឋចេញពីតំបន់លិចលង់មកកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ជាមួយនឹងការឧបត្ថមជាស្បៀងអាហារគ្រឿងឧបភោគបរិភោគ ផ្តល់កិច្ចការពារសន្តិសុខ សុវត្ថិភាពនិងទ្រព្យសម្បត្តិជូនពួកគាត់ ហើយនៅពេលទឹកស្រកទៅវិញ កម្លាំងអាជ្ញាធរនិងកម្លាំងចម្រុះត្រូវចុះជួយប្រជាពលរដ្ឋទាំងការលាងសម្អាតលំនៅឋានរបស់ពួកគាត់ បាញ់ថ្នាំសម្លាប់មេរោគដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែងការងារនេះយើងបានធ្វើជាប្រចាំនៅក្នុងតំបន់ដែលទទួលរងការលិចលង់ និងនៅពេលទឹកបានស្រកទៅវិញអស់ដូចជានៅបុរីត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោនេះជាដើម។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា បុរីវីអាយភី ស្ថិតនៅក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោនេះ ខណៈជំនន់ទឹកស្ទឹងព្រែកត្នោតជន់លិចនោះ គឺបានធ្វើឲ្យបុរីទាំងមូលទទួលការលិចលង់ជ្រៅជាងគេតែស្ថានភាពទឹកហូរក្រោយពេលទឹកស្រកទៅវិញ ក្នុងបុរីទាំងមូលមិនកខ្វក់ប៉ុន្មានទេ ហើយខណៈអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងចម្រុះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ រថយន្តបូមលូបាញ់លាងសម្អាត គឺបានវិលទៅរកភាពល្អប្រសើរដូចដើមវិញ ពោលគឺមិនមានភក់និងសំរាមច្រើននោះទេ ហើយមេរោគក៏មិនមានច្រើនដែរ។ ក្រោយពីចុះពិនិត្យនៃសកម្មភាពលាងសម្អាតផ្លូវ នៅក្នុងបុរីវីអាយភីក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោនេះហើយ លោក ឃួងស្រេង ក៏បានដឹកនាំមន្ដ្រីជំនាញ និងអាជ្ញាធរខណ្ឌ មន្ទីរពាក់ព័ន្ធចុះទៅពិនិត្យមើលស្ថានភាពការចាក់ដីបំពេញទំនប់សណ្តស្ទឹងព្រែកត្នោតដែលត្រូវទឹកហូរដាច់បន្តទៀតផងដែរ ៕ ដោយ៖សំរិត


ចែករំលែក៖