នៅល្ងាចថ្ងៃទី ៣ ខែវិច្ឆិកា កម្រិតទឹកនៅស្ថានីយភូអាង និង ញ៉ាបែ បានកើនឡើងខ្ពស់ពី១,៥០ម៉ែត្រដល់ ១,៥៥ម៉ែត្រ ធ្វើឲ្យផ្លូវថ្នល់ជាច្រើនក្នុងទីក្រុងត្រូវលិចលង់ បង្កផលលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរ។
តាមប្រភពព័ត៌មានពីមន្ទីរធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា តំបន់ភាគខាងត្បូងនៅល្ងាចថ្ងៃទី៣ខែវិច្ឆិកាមានភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានជំនន់ទឹកភ្លៀងនៅតំបន់ជាច្រើនក្នុងទីក្រុង។ ក្នុងទីក្រុងហូជីមិញ នាថ្ងៃទី២និងទី៣ ខែវិច្ឆិកា កម្រិតទឹកនៅស្ថានីយក្រោមខ្សែទឹកនៃទន្លេសាយហ្គន – ដុងណៃ ឡើងដល់កំពូល។ ក្នុងនោះស្ថានីយ ភូអាន និង ញ៉ាបែ ឡើងពី១,៥០ម៉ែត្រ – ១.៥៥ ម៉ែត្រ ប្រមាណជាកម្រិតប្រកាសអាសន្នកម្រិតទី២ ។
ផ្លូវក្នុងខណ្ឌចំនួន៧ ក្នុងទីក្រុងហូជីមិញរងការលិចលង់ខ្លាំងជាងគេ ប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ពលរដ្ឋ។
ជាមួយគ្នានេះដែរវៀតណាមបានចាត់វិធានការប្រុងប្រយ័ត្នចំពោះព្យុះលេខ១០ ដែលវាយប្រហារចូលតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម ក្នុងនោះមានខេត្ត ខាញ់ហ្វាជាដើម។ បច្ចុប្បន្នព្យុះនេះស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង ក្រោយពេលឆ្លងកាត់ប្រទេសហ្វីុលីពីន មានល្បឿនខ្យល់ជាង២០០គីឡូម៉ែត្រក្នុងមួយម៉ោង៕
ដោយ៖ធី រីណា