ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនពលរដ្ឋ ៣០០០គ្រួសារ នៅស្រុកចំនួន ២ ក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងមានការអញ្ជើញដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ បានជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ៣ ០០០គ្រួសារ នៅស្រុកឯកភ្នំ ចំនួន ២ ០០០គ្រួសារ និងស្រុកបវេល ចំនួន ១ ០០០គ្រួសារ ក្នុងខេត្តបាត់ដំបង។

រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ លោកមានជំនឿយ៉ាងមុតមាំថា អំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ថ្វីដ្បិតតែមានចំនួនតិចតួច ប៉ុន្តែវាពិតជាចាំបាច់ និងចំពេលដែលបងប្អូនប្រជាពលរដ្ឋកំពុងប្រឈមនឹងការលំបាក ដោយគ្រោះទឹកជំនន់ បន្ថែមលើផលប៉ះពាល់ពីការរីករាលដាល នៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ក្នុងនោះមានទាំងព្រះរាជាណាចក្រកម្ពុជា យើងផងដែរ។

សូមរម្លឹកផងថា បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា គិតត្រឹមចុងខែតុលា កន្លងទៅនេះ មានពលរដ្ឋជាង ១សែនគ្រួសារ បានរងផលប៉ះពាល់ ខណៈដែលមានពលរដ្ឋរាប់ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។ ក្នុងនោះទឹកជំនន់ ក៏បានបណ្តាលឲ្យពលរដ្ឋបាត់បង់ជីវិតនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ ដោយឡែកខេត្តបាត់ដំបង មានពលរដ្ឋជិត ២ម៉ឺនគ្រួសារ បានរងផលប៉ះពាល់។

លោក ស សុខា បន្តថា តាងនាមសម្តេចក្រឡាហោម ស ខេង និងលោកស្រី ព្រមទាំងក្រុមការងារ សូមចូលរួមសោកស្តាយចំពោះការបាត់បង់ទ្រព្យសម្បត្តិ ផ្ទះសម្បែង ខូចខាតផលដំណាំផ្សេងៗ ពិសេសដំណាំស្រូវ និងដំណាំរួមផ្សំដទៃទៀត របស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ក៏ដូចជា តាមបណ្តារាជធានី ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ៕ដោយ៖ស តារា


ចែករំលែក៖