ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុក ប៉ុស្ដិ៍នគរបាលរដ្ឋបាល អាជ្ញាធរភូមិ-ឃុំ ទទួលបញ្ជាលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះដកហូតការតាំងលក់សម្ភាររួមផ្សំនៃឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល ។
ករណីសមត្ថកិច្ចចុះដកហូតសម្ភារពាក់ព័ន្ធបទល្មើសនេសាទខាងលើ ធ្វើឡើងនាព្រឹកថ្ងៃអង្គារ ៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិទី៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពព័ត៌មានពីកម្លាំងចុះអនុវត្តការងារផ្ទាល់បានឲ្យដឹងថា ជាលទ្ធផល កម្លាំងចុះបានចំនួន២ទីតាំង គឺទី១-ត្រង់ចំណុចផ្ទះរបស់ឈ្មោះ វិន យុំាងទ្រី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹក ស្ថិតនៅក្នុងភូមិទី៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ដកហូតមងសាច់កាវចំនួន១៣គីឡូក្រាម មងសាច់ស្បៃមុងចំនួន៨គីឡូក្រាម ។ ទីតាំងមួយកន្លែងទៀតត្រង់ចំណុចផ្ទះរបស់ឈ្មោះ ទី យ៉ុង ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹក ស្ថិតនៅភូមិ-ឃុំជាមួយគ្នា ដកហូតមងសាច់កាវចំនួន៤១គីឡូក្រាម ។
ប្រភពដដែលបន្តទៀតថា វត្ថុតាងទាំងនេះដកហូតនិងយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ។ ចំណែកម្ចាស់ផ្ទះដែលដាក់តាំងលក់នូវសម្ភាររួមផ្សំនៃឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល ធ្វើកំណត់ហេតុអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ។
ប្រភពពីមហាជនគេមិនសង្ឃឹមថា ការអនុវត្តបែបនេះមានប្រសិទ្ធភាពនោះឡើយ ព្រោះគេនៅចាំបានយ៉ាងច្បាស់ថា ក្នុងរជ្ជកាលលោក ខូយ សុខា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ចាស់ក៏ធ្លាប់ធ្វើសកម្មភាពបែបនេះដែរ តែគ្មានប្រសិទ្ធភាពសោះ ៕ ដោយ៖ បុឹម ពិន