ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតអាមេរិក បេក្ខភាពទាំងពីរ កំពុងរង់ចាំលទ្ធផល

ចែករំលែក៖

មកទល់ពេលនេះ ការបោះឆ្នោតនៅអាមេរិកមិនទាន់អាចកំណត់បានថាអ្នកណាឈ្នះឬចាញ់នៅឡើយទេ បើទោះបីទីតាំងបោះឆ្នោតមួយចំនួនបានបិទហើយក្តី ។ បេក្ខភាពទាំងពីររូប និងក្រុមការងារ បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីការរាប់សន្លឹកឆ្នោត ។ តាមគម្រោង​នៅល្ងាចថ្ងៃទី ៤ ខែវិច្ឆិកា (ពេលវេលានៅកម្ពុជា​)​គេនឹងដឹងលទ្ធផលហើយ។
សារព័ត៌មាន CNN ​បានផ្សាយថា ក្នុងពេលបោះឆ្នោត ​ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ​ «ឱកាសទទួលបានជ័យជម្នះ​របស់ខ្ញុំគឺប្រាកដណាស់»។ ជាថ្មីម្តងទៀត​លោកត្រាំ​ជឿជាក់ថា លោកនឹងទទួលបានជ័យជម្នះ​ ដោយអាចទទួលបានសន្លឹកឆ្នោតតំណាង​​៣០៦សន្លឹក​ ប៉ុន្តែលោកបានសន្យាថា នឹងមិនប្រកាស​ពីជ័យជម្នះឆាប់ពេកនោះឡើយ។
ដោយសារតែការបោះឆ្នោតមុនពេលកំណត់ច្រើនដល់ជាង​១០០លាននាក់ និងការបោះឆ្នោតតាមប្រៃសណីយ៍ ដូច្នេះ​លទ្ធផល
នឹងយឺតជាងការបោះឆ្នោតរាល់លើក​។​ ពេលនេះលោកត្រាំ​ និងគ្រួសារកំពុងតែទន្ទឹងរង់ចាំលទ្ធផលនៅក្នុងសេតវិមាន​​។
តាមច្បាប់បោះឆ្នោតអាមេរិក នៅថ្ងៃទី៨ ខែធ្នូ បណ្តារដ្ឋ​នឹងត្រូវដោះស្រាយ​ពាក់ព័ន្ធនឹងការបោះឆ្នោតចប់សព្វគ្រប់ ហើយប្រកាសទទួលស្គាល់អ្នកទទួលបានជ័យជម្នះ។
នៅថ្ងៃទី​១៤ខែធ្នូ សមាជិកតំណាងម្ចាស់ឆ្នោត(តំណាងរាស្ត្រ) នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី​ ។ តាមប្រពៃណី បេក្ខភាពដែលទទួលបានជ័យជម្នះក្នុងរដ្ឋនីមួយៗ​គឺកៅអីតំណាងទាំងអស់បានទៅគណបក្សនោះ ដោយបែងចែងទៅតាមចំនួនពលរដ្ឋតិចឬច្រើន​។
បេក្ខភាពរូបណាទទួលបានកៅអីតំណាងច្រើនក្នុងចំណោមកៅអី តំណាង៥៣៨កៅអី​ ស្មើនឹង២៧០កៅអីនឹងទទួលបានជ័យជម្នះជាប្រធានាធិបតីអាមេរិក​។
នៅថ្ងៃទី៦ ខែមករា ឆ្នាំ​២០២១ សភាអាមេរិកនឹងបើកកិច្ចប្រជុំ​ដើម្បីពិនិត្យសន្លឹកឆ្នោតតំណាង​ ហើយប្រកាសអ្នកឈ្នះ។
នៅថ្ងៃទី២០ ខែមករា ឆ្នាំ​២០២១ ប្រធានាធិបតីអាណត្តិទី​៤៦នឹងស្បថចូលកាន់តំណែង ៕ដោយ៖ធី រីណា


ចែករំលែក៖