ភ្នំពេញ៖ សូមរម្លឹកថា៖ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ កន្លងទៅ មានអំពើឃាតកម្មមួយកើតឡើងដែលផ្តើមឡើងពីភ្លើងប្រចណ្ឌ ដោយជនបង្កជាប្តីមានតួនាទីជាមន្ត្រីនគរបាលនាយកដ្ឋានអង្គរក្សពាក់ស័ក្តិ៤កន្លះ បានបាញ់សម្លាប់ប្រពន្ធ រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយគួរឱ្យរន្ធត់បំផុត។
អំពើឃាតកម្មនេះបាន កើតឡើងនៅជិតវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឱ្យភ្ញាក់ផ្អើលចំពោះការគិតខ្លីនេះ។
ក្រោយមកនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២០ មាន Facebook បានបង្ហោះថា ក្មួយប្រុស២នាក់ ត្រូវជាកូនសព ឈ្មោះ កែវ ស្រីដា ( ម្ដាយបង្កើត ) និង ឈ្មោះ អ៊ុក ម៉ារ៉ាឌី ( ឪពុកចុង ) ដែលបានធ្វើអត្តឃាតតាមរយៈការបាញ់សម្លាប់ម្ដាយហើយ ទើបសម្លាប់ខ្លួនឯងតាមក្រោយនៅផ្ទះជួល សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២០ បានមករកអោយជួយផ្សាយអំពីសាច់ញាតិខាងឪពុកចុងមកគំរាមចែកទ្រព្យសម្បត្តិស្មើគ្នា បើមិនអោយចង់លក់ដី ក៏លក់មិនបានដែរ ។ អ្នកទាំងពីរ បានបញ្ជាក់ថា ៖ មានបងប្អូនបង្កើតចំនួន៤នាក់ ជាកូនបង្កើតរបស់ម្ដាយឈ្មោះ កែវ ស្រីដា ដោយ២នាក់ នៅក្រៅប្រទេស ២នាក់ គឺនៅក្នុងប្រទេស ។ ចំណែក ឪពុកចុងរបស់ខ្លួនគឺ មានកូនម្នាក់ដែរ ។
អ្នកទាំងពីរបានបន្ថែមថា ៖ បន្ទាប់ពីឪពុកម្ដាយបានស្លាប់ទៅ ពួកគាត់បានបន្សល់ទុកនូវដីចំនួន ២កន្លែង ដោយ១កន្លែងស្ថិតនៅភូមិខ្ចៅ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទំហំ៤៥៤០ ម៉ែត្រក្រឡា និង១កន្លែងទៀតស្ថិតនៅភូមិកន្ទុយទឹក ឃុំទៀន ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មានទំហំ ២៦៥ ម៉ែត្រក្រឡា ។ពេលឪពុកម្ដាយបានស្លាប់ទៅ ពួកគេធ្វើបុណ្យ៧ថ្ងៃ ស្ទើរមិនទាន់ផង ស្រាប់តែលេចសាច់ញាតិខាងឪពុកចុងមកដណ្ដើមទាមទារអោយចែកទ្រព្យសម្បត្តិគ្នាស្មើ ។អ្នកទាំងពីរបានប្រាប់ថា ៖ បើចែកចំណែកដល់ប្អូនជាកូនរបស់ឪពុកចុងខ្លួន គឺ ខ្លួន យល់ព្រម តែបើចែកចំណែកដល់សាច់ញាតិបងប្អូនរបស់ឪពុកចុងក្មួយ ពួកគេមិនព្រមទេ ។តើសាច់ញាតិបងប្អូនខាងឪពុកចុងណាមួយទៅហ្ន៎ ដែលមកទាមទារទ្រព្យសម្បត្តិគេដោយគ្មានអៀនខ្មាសបែបនេះ ?។
តាមពិតនេះគ្រាន់តែដកស្រង់ពី Facebook ប៉ុណ្ណោះ យ៉ាងណាទៀតអាស្រ័យលើ ភាគីទាំងសងខាង និងច្បាប់កំណត់៕
ដោយ៖ សិលា