អាមេរិក៖ បើទោះបីមិនទាន់មានលទ្ធផលផ្លូវការ ដោយប្រធានាធិបតី ដូណាល់ ត្រាំ មិនព្រមចុះចាញ់ បន្តប្តឹងទៅកាន់តុលាការទាមទាររាប់សន្លឹកឆ្នោតឡើងវិញក្នុងរដ្ឋយុទ្ធសាស្ត្រ ប៉ុន្តែពិបាកក្នុងការកែប្រែស្ថានភាព ដោយសារតែសំឡេងគាំទ្រលោកបៃឌិននៅក្នុងរដ្ឋទាំងនោះមានចំនួនច្រើនពេក ។
នៅក្នុងរដ្ឋ Wisconsin មានពលរដ្ឋរស់នៅ៦លាននាក់ មាន១០កៅអីតំណាង ហើយលទ្ធផលនៃការរាប់សន្លឹកឆ្នោត លោកបៃឌិនទទួលបាន ៩៤,៤% ស្មើនឹង១.៦៣០.៣៨៩សំឡេង។ ចំណែកលោកត្រាំវិញ ទទួលបាន ៤៨,៨% ស្មើនឹង ១.៦០៩.៨៧៩សំឡេង។
ចំណែករដ្ឋ Michigan មានពលរដ្ឋរស់នៅដល់ទៅ១០លាននាក់ មានកៅអីតំណាង១៦កៅអី ហើយលទ្ធផលរាប់សន្លឹកឆ្នោត លោកបៃឌិនទទួលបានដល់ទៅ ៥០,៣ភាគរយ ស្មើនឹងសន្លឹកឆ្នោតសកល២.៧៥១.១១២សន្លឹក។ ចំណែកលោកត្រាំវិញទទួលបានតែ ៤៨,១ភាគរយ ស្មើនឹងសន្លឹកឆ្នោតសកល ២.៦៣១.៣៥៧សន្លឹក។
ជ័យជម្នះក្នុងរដ្ឋទាំងពីរជួយឲ្យលោកបៃឌិនមានកៅអីតំណាងសរុប ដល់ទៅ ២៦៤ ចំណែកលោកត្រាំវិញនៅតែរក្សាកៅអីតំណាង២១៤ដដែល ដោយរដ្ឋសំខាន់ៗដែលគាំទ្រលោកត្រាំមិនទាន់រាប់សន្លឹកឆ្នោតចប់នៅឡើយទេ។
បច្ចុប្បន្ន លោកបៃឌិនខ្វះតែ៦កៅអីតំណាងទៀតតែប៉ុណ្ណោះ ហើយរដ្ឋ Nevada មាន៦កៅអីតំណាងកំពុងតែរង់ចាំស្រាប់ដោយសារសំឡេងគាំទ្រលោកបៃឌិនមាន ៤៩.៣ភាគរយ ស្មើនឹង ៥៨៨.២៥២សន្លឹក។ ចំណែកលោកត្រាំវិញទទួលបាន៤៨,៩%ស្មើនិឹង ៥៨០.៦០៥សន្លឹក។
នៅពេលនេះលោកត្រាំបានប្រកាសថានឹងប្តឹងផ្តល់ឱ្យរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋទាំងពីរដែលលោកធ្លាប់ឈ្នះកាលពីការបោះឆ្នោតឆ្នាំ២០១៦។ គិតមកដល់វេលាម៉ោង៦ព្រឹកថ្ងៃទី៥ខែវិច្ឆិកាចំនួនកៅអីតំណាងដែលបេក្ខភាពទាំងពីរទទួលបានគឺ លោកបៃឌិនមាន២៦៤កៅអីតំណាង។ ចំណែកលោកត្រាំមាន២១៤កៅអីតំណាង។
រដ្ឋ Wisconsin និង Michigan បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដណ្តើមកៅអីតំណាងគ្រប់ចំនូនកំណត់២៧០ ។ រដ្ឋទាំងពីរ មានការប្រែប្រួលជារដ្ឋដែលសម្រេចថាតើបេក្ខភាពរូបណានឹងក្លាយជាប្រធានាធិបតីដឹកនាំអាមេរិក ៕ដោយ៖ធី រីណា