ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនកូនប្រុសតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ដែលបានប្រើហិង្សាយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់បន្ទាប់ពីផឹកស្រាស្រវឹងហើយមានជម្លោះក្នុងគ្រួសារនៅវេលាម៉ោង៨យប់ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតក្នុងភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ។

ការឃាត់ខ្លួនជនសង្ស័យនេះគឺកម្លាំងសមត្ថកិច្ចបានធ្វើនៅវេលាម៉ោង៦ព្រឹកថ្ងៃទី៥ខែ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ យឹម ធី  អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ។

ចំណែកម្ដាយរងគ្រោះមានឈ្មោះយិន រីអាយុ៦៩ឆ្នាំ មុខរបរកសិករ ត្រូវកូនយកអង្រែបុកគ្រឿងវាយសំពងត្រូវក្បាល បណ្តាលអោយបែកដេកស្លាប់ភ្លាមៗនៅនឹងកន្លែង។

ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងប៉ុស្តិ៍រដ្ឋបាលតាមឃាត់ខ្លួនជនសង្ស័យតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕ ដោយ៖ យឹម សុថាន


ចែករំលែក៖