ព័ត៌មានទាន់ហេតុការណ៍៖

មេទ័ព​កំពូលមី​យ៉ាន់​ម៉ា៖ ត្រូវការ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌

ចែករំលែក៖

អន្តរជាតិ៖ លោកត្តសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា នៅថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា មីយ៉ាន់ម៉ាត្រូវការការបោះឆ្នោតដោយសេរី និងយុត្តិធម៌ មិនតែប៉ុណ្ណោះអគ្គមេបញ្ជាការយោធារូបនេះ បានចោទគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ (UEC) ថា បានប្រព្រឹត្តកំហុសមួយចំនួន ដែលមិនអាចទទួលយកបាននៅក្នុងនីតិវិធីមុនការបោះឆ្នោត

អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ថ្លែងតាមរយៈកិច្ចម្ពាដ៏កម្រជាមួយសារព័ត៌មានក្នុងស្រុក Popular News Journal បានចោទគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធថា បានបំពានច្បាប់ និងនីតិវិធីមួយចំនួន មុនការបោះឆ្នោត លោកបានលើកយកការត្អូញត្អែររបស់គណបក្សប្រឆាំងមួយចំនួនលើមានភាពមិនប្រក្រតីជុំវិញបញ្ជីអ្នកចុះឈ្មោះបោះឆ្នោត និងមានឈ្មោះប្រជាជនមួយចំនួន មិនត្រូវបានដាក់ក្នុងបញ្ជីឈ្មោះ

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​ ចុះផ្សាយថា មេទ័ពកំពូលមីយ៉ាន់ម៉ារូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «​យើងបានប្រាប់គណៈកម្មការបោះឆ្នោតថា មីយ៉ាន់ម៉ាចង់បានការបោះឆ្នោតដោយសេរី និងយុត្តិធម៌​»​បន្ថែមពីនេះ លោក បញ្ជាក់ទៀតថា ការប្រព្រឹត្តកំហុសធម្មតា វាមិនមានបញ្ហាអ្វីទេ ប៉ុន្តែកំហុសមួយចំនួន គឺមិនអាចទទួលយកបាន ដែលបញ្ហានេះ ទាមទារឲ្យមានការផ្លាស់ប្តូរ

ដោយឡែកជុំវិញបញ្ហាខាងលើ អ្នកនាំពាក្យគណៈកម្មការបោះឆ្នោតមីយ៉ាន់ម៉ា មិនទាន់បានឆ្លើយតបនឹងការលើកឡើងរបស់ប្រមុខយោធាមីយ៉ាន់ម៉ាឡើយ

សូមជម្រាបផងដែរថា មេទ័ពកំពូលមីយ៉ាន់ម៉ារូបនេះ កាលពីការបោះឆ្នោតឆ្នាំ២០១៥កន្លងទៅ ក៏ធ្លាប់បានលើកឡើងពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែរ បើទោះបីជាយោធាគ្រប់គ្រងកៅអី២៥ភាគរយនៅក្នុងសភា និងក្រសួងសំខាន់ៗ ក៏ដោយ

ចំណែកគណៈកម្មការការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្ត្រីការបរទេសនិងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ដែលបានឈ្នះការបោះឆ្នោតថ្នាក់ជាតិ នៅក្នុងឆ្នាំ២០១៥កន្លងទៅ

គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតឆ្នាំ២០២០នេះ បក្សលោកស្រីស៊ូជី ត្រូវបានរំពឹងថា នឹងឈ្នះការបោះឆ្នោតជាថ្មី ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ខែវិច្ឆិកាខាងមុខដោយ៖ស តារា


ចែករំលែក៖