ព័ត៌មានទាន់ហេតុការណ៍៖

សត្វមាន់ជាង ៣សែនក្បាលត្រូវសម្លាប់ចោលក្នុងខេត្តមួយរបស់ជប៉ុន ក្រោយផ្ទុះជំងឺផ្កាសាយបក្សី

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីមានការផ្ទុះជំងឺផ្តាសាយបក្សីជាលើកដំបូង ក្នុងប្រទេសជប៉ុន រយៈពេលជាង ០២ឆ្នាំកន្លងទៅនេះ ស្រាប់តែមន្រ្តីរដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ខេត្តកាហ្គាវ៉ា (Kagawa) នៃប្រទេសជប៉ុន នឹងសម្លាប់សត្វមាន់ចំនួន៣៣០,០០០ក្បាលនៅក្នុងកសិដ្ឋានមួយចោល

បើតាមសារព័ត៌មាន CNA បាននិយាយថា មន្ត្រីក្រសួងកសិកម្មជប៉ុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា សត្វមាន់រាប់សែនក្បាលនៅកសិដ្ឋានមួយ នៅទីក្រុងមីតូយ៉ូ (Mitoyo) ដែលស្ថិតនៅភាគខាងលិចខេត្ដ Kagawa នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺផ្តាសាយបក្សី នៅក្នុងការធ្វើតេស្តបឋម។

បន្ថែមពីនេះ មន្រ្តីដដែល បានបញ្ជាក់ទៀតថា ដើម្បីបញ្ជាក់ថា តើជំងឺនេះគឺជាជំងឺផ្តាសាយបក្សី H5 ឬក៏យ៉ាងណា រដ្ឋាភិបាលជប៉ុននឹងធ្វើតេស្តតាមបច្ចេកទេសបន្ថែមទៀត។

ដោយឡែកបើតាមការអះអាងពីអ្នកគ្រប់គ្រងកសិដ្ឋានខាងលើនេះ ភ្លាមៗនោះក៏បានជូនដំណឹងដល់រដ្ឋបាលខេត្ត Kagawa អំពីការសង្ស័យថា មានករណីផ្ទុះជំងឺផ្តាសាយបក្សី ក្រោយសត្វមាន់ប្រមាណ ,៨០០ក្បាលបានងាប់ជាំបន្តបន្ទាប់ ក្នុងរយៈពេល ០៤ថ្ងៃគិតមកត្រឹមថ្ងៃពុធម្សិលមិញនេះ។

ក្រសួងកសិកម្មជប៉ុន បន្តថា ចំពោះការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីចុងក្រោយ បានកើតឡើងកាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយសត្វមាន់ចំនួន ៩១,០០០ក្បាលនៅកសិដ្ឋានមួយ នៅទីក្រុង សានូគិ(Sanuki) ដែលស្ថិតនៅក្នុងខេត្ត Kagawa ដដែលនេះត្រូវបានសម្លាប់ចោល ដោយសារតែជំងឺផ្តាសាយបក្សី H5N6៕ដោយ៖ស តារា


ចែករំលែក៖