ព័ត៌មានទាន់ហេតុការណ៍៖

វេជ្ជបណ្ឌិតឥណ្ឌាម្នាក់ ចំណាយប្រាក់ជិត១សែនដុល្លារ ទិញចង្កៀងទិព្ធអាឡាដាំង តាមពិតចាញ់បោកគេសោះ

ចែករំលែក៖

អន្តរជាតិ៖ កម្លាំងប៉ូលីសឥណ្ឌា បានឃាត់ខ្លួនបុរសជនជាតិឥណ្ឌា ២នាក់បន្ទាប់ពីពួកគេបានប្រើល្បិចឆបោកឲ្យលោកវេជ្ជបណ្ឌិតជាជនជាតិឥណ្ឌាម្នាក់ដែលបានចំណាយប្រាក់ចំនួនប្រមាណជិត១សែនដុល្លារអាមេរិក ដើម្បីទិញចង្កៀងទិព្ធអាឡាដាំងក្លែងក្លាយ។

បើយោងតាមការអះអាងពីមន្រ្តីជាន់ខ្ពស់ឥណ្ឌា លោក អាមីត រ៉ាយ បានបញ្ជាក់ថា វេជ្ជបណ្ឌិតរូបនេះមានឈ្មោះឡេក ខាន បានវិលត្រលប់ពីទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស មកកាន់ទឹកដីប្រទេសឥណ្ឌាវិញ និងបានជួបជាមួយនឹងជនឆបោកទាំងពីរនាក់ខាងលើនេះ នៅពេលដែលលោកចាប់ផ្ដើមព្យាបាលម្ដាយរបស់ពួកគេនៅឯផ្ទះ។

ចំពោះការព្យាបាលនេះ បានបន្ដអស់រយៈពេលជាងមួយខែ រហូតដល់មានថ្ងៃមួយ ជនឆបោកទាំងពីរ បានប្រាប់វេជ្ជបណ្ឌិតរូបនេះ ពីរឿងរ៉ាវដ៏ចម្លែកមួយដោយពួកគេអះអាងថា៖ មានគ្រូមន្ដអាគម ចេញពីក្នុងចង្កៀងទិព្ធ ហើយបានបង្ហាញខ្លួននៅផ្ទះរបស់ពួកគេ។ បន្ទាប់មកទៀត ជនឆបោកទាំងពីរ បានស្នើសុំឲ្យវេជ្ជបណ្ឌិតជួបគ្នា ជាមួយនឹងគ្រូមន្ដអាគមតែម្ដង។

ប្រភពដដែលបន្តថា លុះថ្ងៃជួបគ្នាឈានមកដល់ គ្រូមន្ដអាគមពិតជាបានបង្ហាញខ្លួនឲ្យវេជ្ជបណ្ឌិតឃើញពិតមែន ហើយវេជ្ជបណ្ឌិតមិនអាចកំណត់អត្តសញ្ញាណថាជានរណានោះឡើយ។ក្រោយមក ជនឆបោកទាំងពីរ បានលួងលោមវេជ្ជបណ្ឌិតឲ្យទិញចង្កៀងទិព្ធពីពួកគេ ក្នុងតម្លៃ៧លានរ៉ូពី(ប្រមាណ៩៤,៣០០ដុល្លារអាមេរិក) និងអះអាងថា ចង្កៀងនេះនឹងនាំមកនូវសុខភាពល្អ សំណាងល្អ រួមទាំងទ្រព្យសម្បត្តិហូរហៀរផងដែរ។

ក្រោយពីទិញរួចមក ទើបវេជ្ជបណ្ឌិតដឹងថា ចង្កៀងគ្មានគ្រូមន្ដអាគមឡើយដែលវាគ្រាន់តែជាចង្កៀងធម្មតា ហើយតាមពិតទៅគ្រូមន្ដអាគមដែលបង្ហាញខ្លួនក្នុងថ្ងៃនោះ គឺជាម្នាក់ក្នុងចំណោមជនឆបោកទាំងពីរប៉ុណ្ណោះ។

បន្ទាប់មកវេជ្ជបណ្ឌិតខាងលើ បានប្ដឹងក្រុមប៉ូលីស ឲ្យធ្វើការឃាត់ខ្លួនជនឆបោកទាំងពីរនេះ បានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ ហើយជុំវិញករណីឆបោកនេះ ក៏មិនមែនជាលើកទីមួយរបស់ពួកគេផងដែរ៕ដោយ៖សតារា


ចែករំលែក៖