ព័ត៌មានទាន់ហេតុការណ៍៖

លោក កួយ កុង ៖ ក្រសួងការបរទេស ​ឱ្យ​អ្នកកាសែត ដែល​យក​ព័ត៌មាន​នា​ជំនួប​ប្រមុខ​ការទូត​កម្ពុជា​-​ហុង​គ្រី ធ្វើតេស្តរ​កកូ​វីដ​-១៩

ចែករំលែក៖

ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​អ្នកកាសែត ដែល​ចុះ​យក​ព័ត៌មាន​នា​ជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី កាលពី​ថ្ងៃទី​៣ វិច្ឆិកា ទៅធ្វើ​តេស្តរ​កកូ​វីដ​-១៩​។ ការអំពាវនាវ​របស់​ក្រសួង​នេះ ធ្វើឡើង​ នា​យប់​ថ្ងៃទី​៤ វិច្ឆិកា ក្រោយពី​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក Peter Szijjarto ត្រូវបាន​រាយការណ៍​ថា មាន​ផ្ទុកកូវីដ-១៩ នៅពេល​ទៅដល់​ប្រទេស​ថៃ​។​

លោក កួយ កុង អ្នកនាំពាក្យ​ក្រសួង​ការបទេស ក្រសួងការបរទេស បានឱ្យដឹងថា៖ ក្រសួងបាន​សម្របសម្រួល​ជាមួយ​ក្រសួងសុខាភិបាល ដោយ​អនុញ្ញាតឱ្យ​អ្នកកាសែត ទៅធ្វើ​តេស្ត​សុខភាព នៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈ ដោយ​ឥតគិតថ្លៃ​សេវា​ឡើយ​។ លោកបាន​បន្ថែមថា ក្រោយ​ធ្វើតេស្ត​ហើយ អ្នកកាសែត​ទាំងអស់ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​ក្រសួងសុខាភិបាល​។​

លោក កុយ កុ​ង បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​សម្រួល​ឱ្យ​(​អ្នកកាសែត​)​បាន​ទៅធ្វើ​តេស្ត ដើម្បី​បញ្ជាក់​យ៉ាងណា​នោះ គឺ​(​ក្រសួងសុខាភិបាល​) គេ​មាន​គោលការណ៍​របស់គេ​។ ប៉ុន្តែ​យើង​គ្រាន់តែ​ជួយ​ទាក់ទង​(​ក្រសួងសុខាភិបាល​) ដើម្បីឱ្យ​ពួកគាត់​បាន​ពិនិត្យ​សុខភាព​»​។​

លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ ត្រូវបាន​រកឃើញថា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ក្នុងអំឡុងពេល​ដាក់​ច​ត្តា​ឡី​ស័ក​ពេលទៅដល់​ប្រទេស​ថៃ​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ជំនួប​រវាង​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី និង​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រយុទ្ធ ចាន់​អូ​ចា ត្រូវ​លុបចោល​។​

 ក្រោយ​ទទួលបាន​ព័ត៌មាន​ថា ប្រមុខ​ការទូត​ហុង​គ្រី​នេះ មាន​កូ​វីដ​-១៩ នោះ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​ដែល​បាន​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រតិភូ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក Peter Szijarto ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​។​ ក្នុងនោះមានចំនួន ៦២៨នាក់បានទៅធ្វើតេស្តកូវីដ-១៩ លទ្ធផលអវិជ្ជមាន៕

ដោយ៖ សិលា


ចែករំលែក៖