ព័ត៌មានទាន់ហេតុការណ៍៖

កាស៊ីណូ អុីហ្គល ឃីង CASINO EAGLE KING) នៅស្រុកកំរៀង បើកដំណើរការ ទទួលបានតែពលរដ្ឋខ្មែរចូលលេង ដោយសេរី

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការនគរបាលជាតិ ពិសេសរដ្ឋាភិបាល មិនអនុញ្ញាតឱ្យការធ្វើអាជីកម្មកាសុីណូ មានពលរដ្ឋខ្មែរចូលលេងនោះឡើយ។ បើកាសុីណូណា អនុវត្តផ្ទុយពីអាជ្ញាបណ្ណ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដក ឬលុបអាជ្ញាបណ្ណចោល។ ផ្ទុយទៅវិញនៅស្រុកកំរៀង ខេត្តបាត់ដំបង កាសុីណូ (អុីហ្គល ឃីង CASINO EAGLE KING) ត្រូវបានគេរាយការណ៍ និងមានសាក្សីជាពលរដ្ឋខ្មែរចូលលេង និយាយតៗគ្នាថា បានអនុញ្ញាតឱ្យពលរដ្ឋខ្មែរចូលលេងដោយសេរី មិនហាមឃាត់ពីសន្តិសុខ និងសមត្ថកិច្ចនៅប្រចាំការទីនោះឡើយ។
កាសុីណូ (អុីហ្គល ឃីង CASINO EAGLE KING) បើកដំណើរការ២៤ម៉ោងលើ២៤ម៉ោង ភាគច្រើនមិនមានបរទេសចូលលេង ស្របពេលរឹតត្បឹតតាមព្រំដែន ការពារការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩។ ដូច្នេះស្រូបយកតែពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូនគ្នា ធ្វើឱ្យពួកគាត់ងាយបាត់បង់ទ្រព្យសម្បត្តិ បែកបាក់ក្នុងគ្រួសារ ខ្ចីបុល ជំពាក់គេវ័ន្តក បង្កឱ្យមាន អំពើចោរកម្ម បទល្មើសកើតឡើងជាដើម ។
ពាក់ព័ន្ធករណីអង្គភាព«នគរដ្រេហ្គន» មិនអាចទាក់ទងសុំការបំភ្លឺបានទេពីអាជ្ញាធរ សមត្ថកិច្ចស្រុកកំរៀង ដ៏ដូចជាម្ចាស់កាសុីណូ (អុីហ្គល ឃីង CASINO EAGLE KING) និងលោកស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ។

ប៉ុន្តែលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានប្រាប់អង្គភាព«នគរដ្រេហ្គន»ថា៖ ខ្ញុំមិនទាន់បានទទួលដំណឹងនេះនៅឡើយ បើមានពលរដ្ឋខ្មែរចូលលេង ជាអំពើល្មើសច្បាប់ ខ្ញុំនឹងមានវិធានឱ្យកម្លាំងចុះធ្វើកិច្ចការនេះ ។ លោកអភិបាលបន្តថា៖ ចាំខ្ញុំសួរទៅចៅហ្វាយស្រុកឥឡូវនេះ…គ្មានកាសុីណូណា ត្រូវបានអនុញ្ញាតឱ្យពលរដ្ឋខ្មែរចូលលេងទេ ខ្ញុំត្រូវតាមដានធ្វើកិច្ចការនេះ និងអរគុណការសួរព័ត៌មាន ដោយវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរលុបបំបាត់នូវភាពមិនប្រក្រតីណាមួយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖