ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងការដ្ឋានមួយកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាកម្មករសំណង់ត្រូវបានគេប្រទះឃេីញដេកស្លាប់នៅក្នុងបន្ទប់នៃការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងសំណង់ផ្ទះល្វែង តាមបណ្តោយផ្លូវបេតុង ក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណច្បាស់នោះទេ គ្រាន់តែគេហៅក្រៅឈ្មោះ កុង មានអាយុប្រហែលជាង៧០ឆ្នាំ សព្វថ្ងៃគាត់ស្នាក់នៅទីតាំងកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជាកម្មករសំណង់ ដោយមិនដែលឃើញមានបងប្អូនសាច់ញាតិណាមកសួរនាំឡើយ ដោយអ្នកជិតខាងអះអាងថាឃើញគាត់រស់នៅតែម្នាក់ឯង។ កន្លងមកគាត់ជាមេជាងម៉ៅការសំណង់ខាងលេី ប៉ុន្តែដោយសារម្ចាស់ទីតាំងមិនបេីកលុយឲ្យទេីបផ្អាកការសាងសង់​បណ្ដោះអាសន្នសិន ។ ចំណែកឯរូបគាត់ក៏បន្តទៅធ្វេីជាកម្មករសំណង់នៅកន្លែងផ្សេងតែមកស្នាក់នៅទីតាំងមួយនេះ ។

ប្រភពដដែលបន្តថា នៅមុនពេលកេីតហេតុ ដោយសារតែកម្មករដូចគ្នាមិនឃេីញគាត់ទៅធ្វេីការក៏ទូរស័ព្ទរកគាត់ តែមិនមានអ្នកលេីក។ដោយមានការសង្ស័យអ្នកធ្វើការជាមួយក៏ដើរមកមេីល ទេីបប្រទះឃេីញគាត់ដេកស្លាប់ក្នុងបន្ទប់បាត់ទៅហេីយ។ ភ្លាមនោះក៏រាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យជាក់ស្តែង។

ក្រោយកើតហេតុ មន្រ្តីជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ និងរកឃើញកាតសន្តិសុខមួយសន្លឹក ដោយមានបិទរូបថត និងមានឈ្មោះនៅក្នុងកាតនោះផង សង្ស័យជាគាត់ធ្លាប់ធ្វើជាសន្តិសុខពីមុនមក ប៉ុន្តែគ្រាន់តែអ្នកសារព័ត៌មានសុំមើលឈ្មោះដើម្បីផ្សាយស្វែងរកសាច់ញាតិបែរជាសមត្ថកិច្ចមិនឲ្យមើលទៅវិញ ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុកក្នុងវត្តតាំងកសាងខាងត្បូងដើម្បីរង់ចាំស្វែងរកសាច់ញាតិ៕

ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖