ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូ Zoomer-Xមិនបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូ Zoomer-Xមិនបានសម្រេចកាលពី
ម៉ោង៧ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះសុខ ទី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ប្រភពបន្តថា ចំណែកម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ គង់ សុផុន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ មានទីលំនៅភូមិ/សង្កាត់កើតហេតុខាងលើ។
ចំណែកម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពម៉ាកZoomer-X ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ-បៃតង ពាក់ស្លាកលេខ ស្វាយរៀង1F-1983 ។
ប្រភពបន្តថា បន្ទាប់ពីធ្វើសកម្មភាពលួចបានហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនទៅទិសខាងកើត ហើយក៏ត្រូវម្ចាស់ម៉ូតូស្រែកឱ្យប្រជាពលរដ្ឋនៅក្បែរនោះជួយជិះម៉ូតូដេញតាមពីក្រោយនិងបានរាយការណ៍ទៅនគរបាលឱ្យជួយអន្តរាគមន៍។
ក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះ នគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ បានចេញដេញតាមជនសង្ស័យរហូតដល់ត្រង់ចំណុចខាងមុខអតីតបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិរោងបន្លែ ក្រុងស្វាយរៀង ជនសង្ស័យក៏ផ្តួលម៉ូតូចោល រួចរត់ចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖