ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ប្រគល់ឧបករណ៍ធ្វើតេស្ដ ត្រួតពិនិត្យជាតិអាកុល ជូនស្នងការ នគរបាល រាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ពិសោធន៍ ក្នុងពេលអ្នកបើកបរពិសាគ្រឿងស្រវឹង

ចែករំលែក៖

ភ្នំពេញ៖ ឧបករណ៍សម្រាប់បម្រើឲ្យការត្រួតពិនិត្យ(ធ្វើតេស្ដ) ជាតិអាកុល ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ នៅក្នុងរាជធានី ភ្នំពេញ មួយចំនួន ត្រូវបាន អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯក ភាពរាជធានីភ្នំពេញលោក ឃួង ស្រេង ប្រគល់ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើប្រាស់លើការអនុវត្តច្បាប់ ការងារ ត្រួតពិនិត្យជាតិអាកុល ទៅលើអ្នក បើកបរយាន្តយន្តគ្រប់ប្រភេទនៅក្នុងរាជធានី ភ្នំពេញ។

ពិធីប្រគល់ និងទទួលឧបករណ៍ខាងលើនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០ នៅស្នងការនគរបាលរាជធានី ភ្នំពេញ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ។

ឧបករណ៍ដែលបានឧបត្ថម្ភដោយ លោកឃួង ស្រេង រួមមានម៉ាស៊ីនសំរាប់វាស់ជាតិអាកុលចំនួន១៦គ្រឿង ម៉ាស៊ីនព្រីន លទ្ធផលជាតិអាកុលចំនួន ១៦គ្រឿង និងបំពង់ផ្លុំចំនួន ៥០០បំពង់ ។

លោក ឃួង ស្រេង នៅក្នុងឱកាសនោះបានមានប្រសាសន៍ ណែនាំដល់កងកម្លាំងសមត្ថកិច្ច ប៉ូលិសទាំងអស់ត្រូវបន្តដាក់គោល ដៅ ដើម្បីពិនិត្យជាតិអាកុល និងបន្តការខិតខំប្រឹងប្រែងលើការរក្សាសន្តិសុខសណ្ដាប់ ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងឱកាសនោះដែរ លោកចេវ ហាក់ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តដាក់របស់លោក ឃួង ស្រេង ដែលបានប្រគល់នូវឧបករណ៍សម្រាប់វាស់ជាតិអាកុលមួយកំប្លេមក ស្នងការនគរបាលរាជធានីភ្នំពេញ។

លោកក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះបទល្មើសគ្រប់ប្រភេទបានថយចុះ ចំណែកឯបទល្មើសគ្រោះថ្នាក់ ចរាចរណ៍ក៏បានថយចុះជាមួយគ្នានេះផងដែរ៕.             

 ដោយ៖ សំរិត


ចែករំលែក៖