ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កែវ សំណាង អភិបាលរង បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់រួមទាំងជនជាតិបរទេសផងដែរ និងបានដកហូតវត្ថុតាងទូហេ្គមបាញ់ត្រីមួយចំនួន ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីតាំងយីហោ (មជ្ឈមណ្ឌលកម្សាន្ត ហ៊ួយឈាវ )ស្ថិតនៅតាមបណ្ដោយផ្លូវ សប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១២នាក់មានទាំងជនបរទេសផង និងបានដកហូតទូរហ្គេមបាញ់ត្រីមួយចំនួនផងដែរ ។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ដោយសារតែមានការយកចិត្តទុកដាក់ និងគោរពតាមអនុសាសន៍របស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដាក់បទបញ្ជាត្រូវតែបង្ក្រាបឱ្យអស់នូវបទល្មើសល្បែងស៊ីសងខុសច្បាប់ ជាពិសេសប្រភេទហ្គេមបាញ់ត្រី ព្រោះនៅពេលកេីតឡេីងវាច្បាស់ជាបង្កហានិភ័យធ្វេីឱ្យក្មេងៗគេចសាលារត់មកចូលលេងនិងកេីតចោរកម្មដោយសារល្បែងសុីសង។ ដូច្នេះហើយ ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាលខណ្ឌឱ្យលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន ក៏ដូចជាលោក ហាយ សិទ្ធី ប្រធានការិយាល័យផែនការនិងអភិវឌ្ឍន៍ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ មានទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងនគរបាលនិងមេភូមិ មន្ត្រីសាលាសង្កាត់ដែលបានចូលរួមប្រតិបត្តិការបានឆ្មក់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីយីហោ (មណ្ឌលកម្សាន្ត ហ៊ួយ ឈាវ )បង្កប់ល្បែងសុីសងហ្គេមបាញ់ត្រីដែលមានជិត២០ទូឯណោះ។ប្រតិបត្តិការនេះបានឃាត់ខ្លួនមនុស្សប្រុសស្រីដែលជាបុគ្គលិកក៏ដូចជាភ្ញៀវចូលលេងចំនួន១២នាក់ និងដកហូតវត្ថុតាងទូហ្គេមបាញ់ត្រីមួយចំនួន ផងដែរ។
លោក កែវ សំណាង អភិបាលរងខណ្ឌចំការមនបានបញ្ជាក់ថា ករណីបង្រ្កាបល្បែងសុីសងខុសច្បាប់ខាងលេីក្រោយពេលឃាត់ខ្លួនអ្នកញៀនល្បែងនិងបុគ្គលិកប្រុសស្រីទាំង១២នាក់ យើងបានប្រគល់ឱ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់យកទៅអប់រំនិងឱ្យគ្រួសារមកធានាឈប់ប្រព្រឹត្តល្បែងសុីសងបន្តទៀត ព្រោះវាអាចបំផ្លាញទ្រព្យសម្បត្តិរបស់យេីងនិងគ្រួសារ។ដោយឡែកបើបានពិនិត្យឃេីញអ្នកដែលឃាត់ខ្លួនមានប្រេីប្រាស់គ្រឿងញៀនគឺត្រូវបញ្ជូនទៅមណ្ឌលឱកាសខ្ញុំដេីម្បីបន្សាបគ្រឿងញៀន។ចំណែកវត្ថុតាងទូហ្គេមបាញ់ត្រីបានឱ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនដកហូតយកទៅរក្សាទុកនៅ សាលាខណ្ឌដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ជី ណា