ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានក្តៅៗ ! ជនសង្ស័យ៤នាក់ ពាក់ព័ន្ធគ្រឿងញៀនជិត១គីឡូក្រាម រត់គេចខ្លួនចេញពីបន្ទប់ឃុំឃាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ជាប់ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជិត១គីឡូក្រាម បានរត់គេចខ្លួនចេញពីបន្ទប់ឃុំឃាំងនៃប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ 

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបាន ថ្លែងប្រាប់ថា ពិតជាមានករណីជនសង្ស័យរត់គេចខ្លួននេះមែន ដែលពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើង តាមចាប់ខ្លួនជនសង្ស័យត្រឡប់មកវិញ ។ 

គួររំលឹកថា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១៖០០នាទី កម្លាំងជំនាញនៃអធិការដ្ឋានននគរបាលខណ្ខមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានល្បាតត្រួតពិនិត្យតាមបណ្ដោយផ្លូវព្រះមុនីរ៉េតទៅដល់មុខវត្តនន្ទមុនី ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ក៏បានឃាត់ជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ក៏ឆែកត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លាចំនួន១០កញ្ចប់តូច និង១កញ្ចប់ធំលាក់ទុកនៅក្នុងហោប៉ៅខោរបស់ឈ្មោះ វ៉ាន់ ធី ។

ជនសង្ស័យ ឈ្មោះ វ៉ាន់ ធី បានសារភាពថា គេយកថ្នាំញៀនទាំងអស់នេះទៅឲ្យឈ្មោះ សុខ លីន ហើយភ្លាមៗ នោះជនសង្ស័យសុខ លីន ក៏បានដើរចេញពីក្នុងវត្ត សមត្ថកិច្ចក៏បានឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង ។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ក្រោយពីស្តាប់ចម្លើយសារភាពរួចមក កម្លាំងសមត្ថកិច្ចក៏បានបន្តទៅឆែកឆេរនៅបន្ទប់ជួលលេខ១៦ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ជាបន្ទប់ជួលរបស់ឈ្មោះ សុខ លីន និង ឈ្មោះ ហុង បូរី ក៏បានត្រួតពិនិត្យឃើញម្សៅក្រាមសថ្លាចំនួន៩កញ្ចប់ធំបន្ថែមទៀត ។

ជនសង្ស័យចំនួន៤នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននោះមាន ៖

១-ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។

២-ឈ្មោះ ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។

៣-ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅវត្តនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

៤-ឈ្មោះ ហ៊ិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។

ចំពោះវត្ថុតាង និងសម្ភារដកហូតរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន២០កញ្ចប់ (១០ថង់ធំនិង១០ថង់តូច) , ជញ្ជីងអេឡិចត្រូនិក១ , សំបកថង់ពណ៌លឿង១ , កូនថង់ប្លាស្ទិកមួយចំនួន , ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន , ទូរស័ព្ទដៃចំនួន២គ្រឿង និង ម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BC-1241 ៕

ដោយ៖ចេស្តា


ចែករំលែក៖