ការប្រកួតក្របខ័ណ្ឌកំពូលអង់គ្លេស Premier League សប្តាហ៍ទី៨កាលពីយប់មិញបានបញ្ចប់ដោយមានការប្រកួតចំនួន២គូ គឺក្រុម Brighton ស្មើជាមួយក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល០ទល់០។ ចំណែកក្រុមឡើងជើង Southampton បានយកឈ្នះក្រុមភ្ញៀវ Newcastle United ក្នុងលទ្ធផល២ទល់០។
ការប្រកួតតង់ទី១រវាងក្រុម Southampton នឹងក្រុម Newcastle United មិនទាន់បានប៉ុន្មានផង ខ្សែប្រយុទ្ធក្រុម Southampton បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី៧ ដោយកីឡាករ Adams ហើយលទ្ធផលនេះបានបន្តរហូតចប់តង់ទី១។
ចូលដល់តង់ទី២ក្រុមទាំង២បានសម្រុកគ្នាទៅវិញទៅមក ដោយក្រុមភ្ញៀវបានព្យាយាមរកគ្រាប់បាល់តាមស្មើ ប៉ុន្តែមិនអាចបំបែកសំណាញ់ការពារដ៏រឹងមាំរបស់ក្រុម Southampton បានទេ។ រហូតដល់នាទីទី៨២ ជិតចប់ការប្រកួតទៅហើយក្រុម Newcastle United ធ្វើប្រហែសនិងការពារមិនបានល្អ ដែលជាហេតុធ្វើឲ្យមានឱកាសសម្រាប់កីឡាករ Armstrongស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ទៀត ធ្វើឲ្យក្រុមម្ចាស់ផ្ទះ Southampton ឈ្នះក្រុម Newcastle United ក្នុងលទ្ធផល២ទល់០។
លទ្ធផលនេះបានធ្វើឲ្យក្រុម Southampton កើនពិន្ទុ១៦ពិន្ទុស្មើជាមួយក្រុមលេខ២ Liverpool ដែលនឹងត្រូវប្រកួតនៅថ្ងៃស្អែក ដោយគ្រាន់តែក្រុម Southampton ឈ្នះចំនួនគ្រាប់បាល់ច្រើនជាង ក៏បន្តឈរកំពូលតារាងបណ្តោះអាសន្នសិន ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតនៅរាត្រីថ្ងៃទី៧ វិច្ឆិកានេះក្របខ័ណ្ឌ Premier League មានការប្រកួតចំនួន៤គូ គឺក្រុមម្ចាស់ផ្ទះ Everton ប៉ះជាមួយក្រុមបិសាចក្រហម Manchester United ម៉ោង៧កន្លះយប់, ក្រុម Crystal Palace ប៉ះជាមួយក្រុម Leeds United ម៉ោង១០យប់, ក្រុម Chelsea ប៉ះក្រុម Sheffield United ម៉ោង១២និង៣០នាទីរំលងអធ្រាត្រ និងក្រុម West Ham United ប៉ះក្រុម Fulham ម៉ោង៣ទៀបភ្លឺ ម៉ោងនៅកម្ពុជា ៕ដោយ៖ភារៈ