ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ក៏មានបុរស១នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងនារីម្នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូនិឹងអ្នកជិះម៉ូតូដែលបើកបញ្ច្រាសទិសគ្នាដោយមិនប្រកាន់ស្ដាំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ខាងលើ បានកើតឡើងនៅវេលាម៉ោង៦ និង២២នាទីព្រលប់ថ្ងៃសុក្រ ៦រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦-៧ ស្ថិតនៅក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
នគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា មុនកើតហេតុគេឃើញនារីម្នាក់មានពាក់មួកសុវត្ថិភាពឈ្មោះ ហុឹម សោភា អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1D -8643 ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់កន្លែងកើតហេតុបានរេទៅខាងឆ្វេងដៃ(មិនប្រកាន់ស្ដាំ)ជ្រុលទៅបុកជាមួយអ្នកជិះម៉ូតូបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ។
ប្រភពព័ត៌មានពីនគរបាលក្រុងដដែលបានឱ្យដឹងទៀតថា បុរសដែលស្លាប់នៅនឹងកន្លែងមិនពាក់មួកសុវត្ថិភាពឈ្មោះ ហួន ណៈ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1H-9229 ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង ។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ភ្លាមៗនោះសមត្ថកិច្ចនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុ ជួយចាត់ចែងបញ្ជូនជនរងរបួសទៅសង្រ្គោះ ចំណែកជនរងគ្រោះ(ស្លាប់)ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកវត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរង់ចាំបន្តនីតិវិធី ៕ ដោយ៖ បុឹម ពិន