មានរឿងមួយួយដំណាលថា៖ មានភិក្ខុមួយអង្គ គង់នៅវត្តមួយ មានកូនសិស្សតែម្នាក់ ឈ្មោះអាផ្លូញ ។ អាផ្លូញខិលណាស់ គ្រូក៏ល្ងង់ណាស់ ឆោតណាស់ គ្មានឧបាសកបាសិកាណារាប់អាន យកចង្ហាន់ ស្លា បារីទៅប្រគេន ឬនិមន្តលោកនោះ ទៅឆាន់ឯផ្ទះដល់ម្ដងឡើយ, លោកនោះក្រលំបាកពន់ពេក តែលោកមានដំរីមួយ ។
ថ្ងៃមួយ លោកនោះពិចារណាថា «សព្វថ្ងៃនេះ គ្មានឧបាសកគេប្រគេនវត្ថុអ្វីសោះ, បើដូច្នេះ គួរតែអញទិញវត្ថុផ្សេងៗយកមកទុកឆាន់ កុំឲ្យលំបាក ។ គិតដូច្នោះហើយ ក៏ប្រាប់កូនសិស្សថា «អាផ្លូញ ឯងចាប់ដំរីមក ហើយឯងទៅផ្សារនឹងអញ រកទិញវត្ថុផ្សេងៗ យកមកទុកឆាន់ » ។ កូនសិស្សទៅចាប់ដំរីបានមក, គ្រូនិងកូនសិស្ស ក៏ឡើងជិះដំរីបរទៅផ្សារ ។ លុះទៅដល់ គ្រូប្រាប់កូនសិស្សថា «ឯងទិញវត្ថុអ្វីដែលគេទុកស៊ីបានយូរ មិនខូច » ។ អាផ្លូញជាសិស្ស ក៏ទិញអំបិលមួយចុងច្រកការុងស្រេច ។ គ្រូឃើញសួរថា ហេតុម្ដេច ក៏ឯងទិញតែអំបិល មិនទិញត្រីឆ្អើរ ត្រីងៀតផង ? ។ កូនសិស្សទូលថាអំបិលទុកបានយូរ មិនចេះខូច បានជាខ្ញុំព្រះករុណាទិញ ។ គ្រូឆោតល្ងង់ណាស់ក៏ស្ងៀម ។
គ្រូឡើងបរដំរីមកវិញ សិស្សរែកអំបិលពីក្រោយ, ដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្ស ឮសូរដងរែកដូចជាស្រួល ក៏សួរថា «អាផ្លូញ ! អញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណា ? ។ សិស្សទូលថា «ព្រះករុណា ! ស្រួលណាស់ ហើយស្រាលផង » ។ លោកគ្រូប្រាប់សិស្សថា « ឯងជិះដំរីវិញចុះ អញរែកអំបិលដើរក្រោយ » ។ លោកគ្រូថាហើយ ចុះពីលើដំរីមក, សិស្សក៏ឡើងជិះដំរីទៅ ។ លោកគ្រូប្រាប់ថា « ឯងបរដំរីទៅចាំអញនៅម្លប់ឈើឯមុខ » សិស្សបរដើរទៅដល់ម្លប់ឈើ ក៏មិនឈប់ចាំគ្រូ បររហូតទៅវត្ត ។ ។
លោកគ្រូ រែកអំបិលដើរតាមក្រោយ, ដោយអំបិលនោះធ្ងន់ណាស់, លោកគ្រូរែកឈប់ ៗ រកមើលទៅសិស្សមិនឃើញក៏គិតថា « ចាំក្រោយ សឹមនាំសិស្សមកយក » ហើយយកអំបិលទៅលាក់ក្នុងព្រៃមុននឹងលាក់ លោកគិតថា «ទីនេះប្រសិនជាមានគេដើរមកចំឃើញ គេនឹងយកអំបិលនេះអស់មិនខាន គួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួង គឺមានក្នុងទឹក ទើបគេមើលមិនឃើញ » ហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹក ហើយដើរទៅ ។ លុះដល់វត្តសួរសិស្សថា «ហេតុម្ដេចក៏ឯងមិនចាំអញ ? ។ សិស្សទូលថា ខ្ញុំព្រះករុណាបរដំរីមក ប្រុងចាំលោកគ្រូដែរ តែដំរីមិនព្រមចាំសោះ អង្វរដូចម្ដេច ក៏វាមិនព្រម វាប្រឹងតែដើរដល់វត្ត ទើបឈប់ ។ សិស្សសួរគ្រូថា « លោកគ្រូ ទុកអំបិលឯណា ? ។ គ្រូប្រាប់ថា អញលាក់ទុកនៅទីឯណោះ អញកាត់ដើមឈូកដោតជាសំគាល់ » ។ លុះព្រឹកឡើងលោកក៏នាំកូនសិស្ស ទៅយកអំបិលវិញ លុះដល់ប្រាប់សិស្សថា « អញលាក់ក្នុងទឹកត្រពាំងនេះ» ។ សិស្សលាន់មាត់ថា « ម៉ែអើយ វារលាយអស់ទៅហើយ » ។ អាផ្លូញជាសិស្ស ក៏ចុះទៅយកអំបិល ចាប់លើកការុងទាំងពីរឡើង គ្មានឃើញអំបិលសល់សោះ ព្រោះវារលាយអស់ហើយ, ឯចំណងដែលចងមាត់ការុងក៏ឃើញដាច់អស់ ប្រទះឃើញឯត្រីកញ្ចុះមួយនៅក្នុងការុងនោះ ។ សិស្សទូលលោកគ្រូថា «មានត្រីកញ្ចុះមួយនៅក្នុងការុង វាស៊ីអំបិលអស់ទៅហើយ» ហើយយកត្រីនិងការុងមកប្រគេនគ្រូមើល ។ លោកគ្រូឃើញត្រីខឹងណាស់ ក៏ទះកំផ្លៀងត្រី មុតដីនឹងធ្មុងត្រីជាប់ ។ ពិសត្រីចាប់ពើតឈឺខ្លាំងពេក លោកគ្រូថា « ឯងចាប់ដកធ្មុងត្រីចេញឲ្យឆាប់ ត្បិតឈឺអញណាស់ » ។ សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួច ។ លុះដករួចឈាមហូរខ្លាំង ពិសត្រីក៏រឹតតែបណ្ដាលឲ្យលោកឈឺខ្លាំងឡើង, លោកគ្រូនាំកូនសិស្សទៅវត្តវិញ យកទាំងការុងត្រីកញ្ចុះទៅផង, ទៅដល់វត្តប្រាប់សិស្សថា « អាផ្លូញ ឯងដាំបាយមួយឆ្នាំង អាំងត្រីកញ្ចុះនេះឲ្យឆ្អិនជាឆាប់អញនឹងឆាន់ » ។ លុះពិសអន់ចាប់ពើត លោកគ្រូ ក៏សម្ងំសឹងលក់ទៅ ។
ឯអាផ្លូញក៏ដាំបាយ អាំងត្រីឆ្អិនហើយ បរិភោគអស់ ទុកតែបាយមួយពំនូតនិងឆ្អឹងត្រីក្នុងចានគ្រប តែវាគ្របមិនឲ្យជិត ។ លោកគ្រូភ្ញាក់ឡើង ប្រាប់សិស្សថា « ឯងយកបាយនិងត្រីមកឆាន់ » ។ អាផ្លូញក៏ធ្វើកិរិយាដូចជាចូលទៅយកបាយប្រគេន ចេញមកវិញទូលថា បាយនិងត្រីរុយស៊ីអស់ហើយ នៅសល់តែមួយពំនូត និងឆ្អឹងត្រី » លោកគ្រូជឿឥតសង្ស័យ ដោយឆោតល្ងង់ ក៏ហុចរំពាត់ផ្ដៅមួយឲ្យមកសិស្ស ហើយថា « ឯងវាយរុយ កុំឲ្យវានៅលើកុដិ » ។ អាផ្លូញជាសិស្សក៏វាយរុយមិនឈប់ ។ គ្រានោះ មានរុយមួយទំចុងច្រមុះគ្រូ ៗ ប្រាប់ថា «រុយវាទំច្រមុះអញ ឯងវាយឲ្យឆាប់» ។ កូនសិស្សក៏វាយតាមពាក្យគ្រូ វាយទៅ ៗ មិនត្រូវរុយ ត្រូវឯច្រមុះគ្រូ បែកឈាមហូរខ្ចាយ ។ សិស្សភ័យណាស់ រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមរឿង ។ ឪពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញ កូនប្រកែកមិនព្រមមក ។ លោកគ្រូទៅតាម ក៏វាមិនហ៊ានមកដោយខ្លាចគ្រូវាយ ។
ថ្ងៃក្រោយ លោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍ បន្ទន់ចិត្តសិស្សឲ្យមក ។ អាផ្លូញជាសិស្សបានដឹងថា គ្រូតាំងពិធីមន្តអាគមស្នេហ៍ដូច្នោះ ក៏មកវត្តវិញ ដើម្បីឲ្យគ្រូជឿថា ស្នេហ៍ពូកែ, លុះដល់វត្តដើរលបៗចូលទៅ ឃើញគ្រូកំពុងតែអង្គុយសូត្រមន្តអាគមស្នេហ៍ ក៏សួរលោកថា « លោកគ្រូធ្វើអ្វី ? » គ្រូកុហកថា «អញសូត្រមន្តអាគមបំបាំងខ្លួន ព្រោះអញទើបរៀនពីគេ » ។ ជាបន្ទាន់នោះលោកគ្រូគិតថា «នេហ៍អញពូកែមែន បានសិស្សអញវាមក » ។ លុះព្រឹកឡើងសិស្សដាំបាយ ធ្វើម្ហូបស្រេចទូលថា « ចង្ហាន់ឆ្អិនហើយ » លោកគ្រូថា «បើដូច្នេះឯងលើកមកឲ្យអញឆាន់ » ។ អាផ្លូញ ក៏លើកមកប្រគេនធ្វើជាមើលមិនឃើញ ដាក់ថាសទៅលើក្បាលគ្រូ ៗស្រែកថា អាផ្លូញ ! ហេតុម្ដេច ក៏យកថាសមកដាក់លើក្បាលអញ ? » ។ សិស្សទូលថា «ខ្ញុំព្រះករុណាមើលមិនឃើញ»។ លោកគ្រូងាកចេញ អាផ្លូញក៏ដាក់ថាសលើក្បាលគ្រូទៀត ៗ លោកគ្រូថា «អាឯងដាក់ថាសលើក្បាលអញទៀតហើយ » ។ សិស្សថា «ខ្ញុំព្រះករុណាសុំទោស ព្រោះមើលមិនឃើញ ។ លោកគ្រូជឿថាអញរៀនស្នេហ៍ ៗពូកែប្រាកដ, ឥឡូវអញកុហកវាថាតាំងពិធីមន្តអាគមបំបាំងខ្លួនវិញ ក៏ទៅជាពូកែ គេមើលមិនឃើញប្រាកដមែន, គួរទន្ទេញឲ្យចាំ កុំឲ្យភ្លេច » ។
ឯអាផ្លូញ លុះប្រគេនចង្ហាន់គ្រូ គ្រូឆាន់រួចហើយ វាក៏លើកមកបរិភោគខ្លួនវា ។
ថ្ងៃក្រោយ មានឧបាសក គេនិមន្តលោកទៅឆាន់ឯផ្ទះ ។ អាផ្លូញទូលថា «បើលោកគ្រូ និមន្តទៅឆាន់ឯផ្ទះគេ សូមកុំស្លៀកស្បង់ ព្រោះនាំតែចាស់ស្បង់ខូចឥតអំពើ ឃ្លុំតែចីពរបានហើយ គេមើលមិនឃើញទេ ត្បិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណាស់ អ្នកណានឹងមើលឃើញ » ។ គ្រូជឿក៏ធ្វើតាមពាក្យសិស្ស ។
លុះព្រឹកឡើង លោកគ្រូប្រាប់សិស្សថា «ឯងតាមអញទៅឆាន់ឯផ្ទះឧបាសក» រួចលោកឃ្លុំតែចីពរ មិនស្លៀកស្បង់ ដោយគិតថា «ឃ្លុំតែចីពរបានហើយ ព្រោះមន្តអាគមអញពូកែណាស់ នរណានឹងមើលកេរ្តិ៍ខ្មាសឃើញ » រួចក៏នាំកូនសិស្សទៅ ។
លុះទៅដល់ ឧបាសកនិមន្តឡើងលើផ្ទះហើយ គេលើកចង្ហាន់មកដើម្បីប្រគេនលោកឆាន់, ដោយលោកមិនបានស្លៀកស្បង់ អង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំ ក៏លេចកេរ្តិ៍ខ្មាស១ កណ្ដាលវាល ។ ឧបាសកឃើញដូច្នោះ គេនាំគ្នាសើចហ៊ោលាន់ ។ លោកគ្រូពុំទាន់បានឆាន់ចង្ហាន់ មានចិត្តខ្មាសណាស់ ក៏ចុះពីផ្ទះត្រឡប់មកវត្តវិញ ជេរបន្ទោសសិស្សថា « អាឯងមិនឲ្យអញស្លៀកស្បង់ ឥឡូវអញខ្មាសគេណាស់ » ។ អាផ្លូញទូលថា« លោកគ្រូ កុំខ្ញាល់នឹងខ្ញុំព្រះករុណា រឿងនេះប្រហែលខុសត្រណមទេឬ ? »។ លោកគ្រូសួរថា «ឯងឃើញអញធ្វើខុសត្រណមដូចម្ដេច ? អាផ្លូញសួរថា «កាលលោកគ្រូនិមន្តទៅឆាន់ឯផ្ទះឧបាសក និមន្តទៅផ្លូវខាងណា ? លោកគ្រូប្រាប់ថា «កាលអញទៅអញចូលផ្លូវខាងកើត » សិស្សថា «ឱ ! ច្បាស់ជាលោកគ្រូខុសត្រណមហើយ ។ ថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំព្រះករុណាថា បើរៀនមន្តអាគមទាំងពួងត្រូវតមស៊ីផ្លែស្ពឺ សូម្បីមុជក្រោមដើមស្ពឺ ក៏មិនបាន វាសាបមន្តអាគម, ឥឡូវលោកគ្រូមុជក្រោមដើមស្ពឺ បានជាខុសត្រណម សាបអាគមអស់ ហេតុនេះបានជាគេឃើញកេរ្តិ៍ខ្មាសលោកគ្រូ»។ លោកគ្រូបានស្ដាប់ដូច្នោះ ក៏ថា «ឱ ! អាផ្លូញ ! អញភ្លេចតម បានជាយ៉ាងហ្នឹង, ឯងថានោះពិតប្រាកដហើយ » ។ លោកគ្រូនោះ ដោយឆោតល្ងង់ ក៏ជឿជាក់ឥតសង្ស័យ ។ តាំងពីកាលនោះមកអាផ្លូញជាសិស្ស នៅបម្រើដោយសុខសប្បាយទៅ ៕
(ស្លូតស្លាប់ វៀចវេរមានភ័ព្វ អអាយុយឺនយូរ)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)