ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា មកដល់យប់ថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២០បានរកឃើញសាលារៀនពាក់ព័ន្ធនឹងគណៈប្រតិភូការបរទេសប្រទេសហុងគ្រីចំនួន៦។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡាបានឱ្យដឹងនៅថ្ងៃទី៧វិច្ឆិកាឆ្នាំ២០២០ថា គិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា គ្រឹះស្ថានសិក្សាឯកជនចំនួន២ទៀត (សរុបមានចំនួន០៦គ្រឹះស្ថានសិក្សា) ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។
លោក បានបន្តថាគណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លោកបន្ថែមថា លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះដែរអ្នកនាំពាក្យក៏បានឱ្យដឹងថាស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០៖
-គ្រឹះស្ថានសិក្សាទី៦÷ សិស្ស២រូបមានមាតាបិតាដែលបានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
-គ្រឹះស្ថានសិក្សាទី៥÷ សិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០÷
-គ្រឹះស្ថានសិក្សាទី៤÷ សិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
-គ្រឹះស្ថានសិក្សាទី៣÷ សិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
-គ្រឹះស្ថានសិក្សាទី២÷ សិស្ស២រូបដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
-គ្រឹះស្ថានសិក្សាទី១÷ បុគ្គលិក១រូបបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយ:លេខទូរស័ព្ទ០១២៣៣៥៩៩៩។ ចំពោះមុខនេះ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណជូនគ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការទាន់ពេលវេលា៕
ប្រភព៖ AKP