ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្ទឹងត្រែងមានឈើកប់នៅក្នុងដីច្រើនពាន់ឆ្នាំ ក្លាយជាថ្មនិងវិវត្តន៍ទៅជាដែក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ឈើដ៏ធំមួយដើមដែលកប់នៅក្នុងដីមានអាយុកាលជាច្រើនពាន់ឆ្នាំបានក្លាយទៅជាថ្ម និងវិវត្តន៍ទៅជាដែក ត្រូវបានប្រជាពលរដ្ឋជនជាតិព្រៅនៅភូមិកាតូត ស្រុកសេសាន ខេត្តស្ទឹងត្រែង អភិរក្សទុកជាសម្បត្តិវប្បធម៌សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ បែបសាសនា ។
លោក ទាង ប៊ុនណាត តំណាង ជនជាតិនៅភូមិកាតូត បានរៀបរាប់ប្រាប់ថា តាមការពិនិត្យមើលជាក់ស្តែង ឈើក្លាយជាថ្មនេះ ជាសម្បត្តិធនធានក្នុងដី ហើយមានតម្លៃទៅលើវិស័យទេសចរណ៍ប្រសិនបើអាជ្ញាធរ យកមករក្សានៅនឹងកន្លែងដើមវិញ ។
លោកអះអាងថា ទីទួលដែលទើបរកឃើញថ្មឈើនេះ អាជ្ញាធរភូមិមានគម្រោងរៀបចំបង្កើតជាវត្តគីរីរាមកាតូត ដើម្បីការពារសម្បត្តិធម្មជាតិផង តែប្រជាពលរដ្ឋខ្វះធនធានមិនអាចធ្វើទៅបាន។
លោក វា ធុន ប្រជាពលរដ្ឋនៅភូមិកាតូត បានបញ្ជាក់ថា៖ សម្បត្តិ
ធម្មជាតិនេះ មានអាយុកាលរាប់ពាន់ឆ្នាំដែលកប់នៅក្រោមដី ដោយសារការជីកកកាយទីទួលយកដីមកធ្វើផ្លូវ មានជម្រៅពី៤ទៅ៥ម៉ែត្រទើបប្រទះឃើញ ។
លោកបន្ថែមថា៖ ប្រជាពលរដ្ឋក៏សំណូមពរឱ្យបងប្អូនដែលនាំយកឈើថ្មនោះទៅ សូមយកមករក្សាទុកនៅទីតាំងដើមវិញ ព្រោះជាធនធានមួយដែលយើងយកទៅទុកនៅផ្ទះ មិនបានសេចក្តីសុខសប្បាយទេ ព្រោះវាជាសម្បត្តិ មានបារមីកាន់បើយកទៅទុកផ្តេសផ្តាសវាខុសទៅនឹងប្រពៃណីព្រះពុទ្ធសាសនាខ្មែរ យើងទៀត។
កាលពីថ្ងៃទី០៥ ខែវិច្ឆិកា លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានចាត់ទុកការនាំយកដើមគគីរថ្មទៅរក្សាទុកនេះ ជាប្រការល្អ ព្រោះបងប្អូនមានគំនិតចេះស្រឡាញ់សម្បត្តិធម្មជាតិ តែសុំឱ្យយកមកវិញ ដើម្បីឱ្យអាជ្ញាធរយកមករក្សាទុកនៅកន្លែងដើម ដើម្បីរៀបចំជាទីអារាមមួយនៅភូមិកាតូតនេះ និងយកទៅ
ដាក់តុបតែង នៅលើទីលានសាធារណៈសម្រាប់បំរើឱ្យវិស័យទេសចរណ៍ផងដែរ។
សូមបញ្ជាក់ថា៖ឈើថ្មនេះមានទំហំមុខកាត់ជិតពីរម៉ែត្រប្រវែងជិត២០ម៉ែត្រ ស្ថិតនៅលើទីទួលចំណុចផ្លូវចូលទៅភូមិកាតូត មានចម្ងាយពីផ្លូវជាតិលេខ៧ប្រមាណជាង៣គីឡូម៉ែត្រ ហើយឈើថ្មនេះមានស្ថានភាពបាក់ជាកង់ៗ ពីការកាប់កាយយកដីទៅធ្វើផ្លូវកាលពីឆ្នាំ២០១៦កន្លងមក៕

ប្រភព៖ វិទ្យុជាតិកម្ពុជា


ចែករំលែក៖