ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាក្លាហានមែន!! នារីម្នាក់ដេញចាប់ចោរលួចកាច់កម៉ូតូរបស់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ចាត់ការបន្ត

ចែករំលែក៖

ភ្នំពេញ ៖​ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានចាប់វាយខ្នោះជនសង្ស័យម្នាក់​ក្រោយពីធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី ៧ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្ទះជួលនៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ​ ឃួន ខុម ភេទប្រុស​ អាយុ២៤ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកនារីរងគ្រោះមានឈ្មោះ​ ផាន់ គ្រី អាយុ៣៧ឆ្នាំ មុខរបរជាបុគ្គលិកលក់ផលិតផលតាមអនឡាញ​ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម​ខណ្ឌមានជ័យ។

​ យោងតាមសម្ដីរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល 1U-5100 ចេញពីកន្លែងធ្វើការបំណងមកលេងផ្ទះជួលរបស់ប្អូនស្រីដែលនៅកន្លែងកើតហេតុ។ខណៈមកដល់បន្ទប់ជួលរបស់ប្អូនស្រីរូបនាងក៏បានទុកម៉ូតូនិងចាក់សោ.កត្រឹមត្រូវនៅមុខបន្ទប់ ហើយក៏បានចូលទៅសម្រាកនៅខាងក្នុង។ លុះមួយសន្ទុះក្រោយមកស្រាប់តែឮសំឡេងម៉ូតូរបស់នាងឆេះក៏បើកទ្វារបន្ទប់មកមើលស្រាប់តែឃើញជនសង្ស័យឡើងជិះម៉ូតូបំណងគេចខ្លួនតែដោយសារតែនាងស្រែកផ្អើលឆោឡោនិងដេញតាមពីក្រោយ ហើយជនសង្ស័យក៏បានជិះម៉ូតូទៅប៉ះជាមួយក្មេងម្នាក់នៅស្នាក់នៅកន្លែងកើតហេតុ ក៏បានដួលម៉ូតូនោះរូបនាងក៏បានចាប់ជនសង្ស័យបានភ្លាមជាមួយនឹងអ្នកនៅបន្ទប់ជួលហើយក៏នាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងបណ្ដាលឱ្យជនសង្ស័យមានស្នាមបែកនៅត្រង់ក្បាលផងដែរ។​ រួចក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣មកយកជនសង្ស័យទៅសាកសួរ។

​ ក្រោយពីសួរនាំរួច​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យ​ ដើម្បីចាត់ការបន្ត។ចំណែកម៉ូតូរបស់នារីរងគ្រោះត្រូវបានប្រគល់ឱ្យនារីរងគ្រោះវិញផងដែរ​ ៕​ដោយ​៖​ភារ៉ា​ ដង្កោ


ចែករំលែក៖