អន្តរជាតិ៖ ការភ័យខ្លាចកើនឡើងចំពោះសុវត្ថិភាពអ្នករាប់សន្លឹកឆ្នោតក្នុងរដ្ឋប្រជែងគ្នាខ្លាំងដែលរាប់មិនទាន់អស់ ខណៈដែលភាពតានតឹងក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅមិនទាន់ដឹងលទ្ធផលដាច់ស្រាច់នៅឡើយ ទើបរដ្ឋខ្លះ និងមន្ត្រីមូលដ្ឋានបង្កើនសន្តិសុខដើម្បីការពារពួកគេទាំងនេះ។ ហើយការតានតឹង បានរីកកាន់តែធំឡើង នៅពេលដែលការចោទប្រកាន់ពីភាពមិនប្រក្រតីនៅក្នុងដំណើរការរាប់សន្លឹកឆ្នោត បានបណ្តាលឲ្យមានការតវ៉ាប្រឆាំងនៅខាងក្រៅបណ្តាអគារ ដែលគេកំពុងតែរាប់សន្លឹកឆ្នោតជាបន្តនោះ។
ជាក់ស្តែងក្រុមអ្នកគាំទ្រប្រធានាធិបតី Donald Trump និងលោក Joe Biden គូប្រកួតប្រជែងខាងគណបក្សប្រជាធិបតេយ្យរបស់លោកបានបង្កើនការយកចិត្តទុកដាក់របស់ខ្លួនលើរដ្ឋមួយចំនួន ដូចជារដ្ឋ Arizona, Nevada និងរដ្ឋ Pennsylvania ដែលការប្រៀកប្រកិតគ្នាយ៉ាងខ្លាំង មិនអាចប្រកាសលទ្ធផលបាននៅឡើយ។
បើតាមសម្តីលោក Joe Gloria ជាអ្នកកាន់បញ្ជីបោះឆ្នោតនៅក្នុងស្រុកClark នៃរដ្ឋ Nevada បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា៖ «ខ្ញុំមានការព្រួយកង្វល់អំពីសុវត្ថិភាពរបស់បុគ្គលិកខ្ញុំណាស់»។ បន្ថែមពីនេះលោក បានគូសបញ្ជាក់យ៉ាងដូច្នេះថា បន្ទាប់ពីមនុស្សប្រហែល ៧៥ នាក់ដែលអ្នកខ្លះពាក់អាវយឺតមានរូបលោក Trump បានស្រែកថា «ឈប់លួចសន្លឹកឆ្នោត» ហើយបានធ្វើការតវ៉ាប្រឆាំងនៅការិយាល័យបោះឆ្នោត កាលពីយប់ថ្ងៃពុធ។
លោក Gloria បានបញ្ជាក់ទៀតថា៖ «យើងកំពុងដាក់វិធានការនៅនឹងកន្លែង ដើម្បីធ្វើឲ្យប្រាកដថា យើង មានសន្តិសុខ ដែលនេះជាការសំខាន់។យើងមានមន្ត្រីពង្រឹងច្បាប់ដែលកំពុងការពារយើង»។ បើទោះមិនមានសេចក្តីរាយការណ៍ពីអំពើហិង្សាក៏ពិតមែន ប៉ុន្តែក្រោយពីមានការភ័យខ្លាចខ្លះបានកើតមានឡើងនៅទីកន្លែងផ្សេងទៀតក្នុងសហរដ្ឋអាមេរិកនោះ លោកGloria ថ្លែងថា ការិយាល័យលោក មិនអាចធ្វេសប្រហែសទេ។
ដោយឡែកនៅក្នុងរដ្ឋ Arizona ដែលនៅជិតនោះ មន្ត្រីរៀបចំការបោះឆ្នោតនៅក្នុងស្រុក Maricopa បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាពួកគេនឹងកំណត់ទីកន្លែងមួយសម្រាប់ក្រុមអ្នកតវ៉ាប្រឆាំង បញ្ចេញមតិរបស់ពួកគេដោយសេរី ដោយមានការសម្រួលពីមន្ត្រីប៉ូលិស។
សូមជម្រាបដែរថា កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះដែរ ក្នុងទីក្រុង Portland រដ្ឋ Oregon នាំឲ្យមានអំពើហិង្សាដែលនាំឲ្យប៉ូលីសចាប់ខ្លួនមនុស្ស ១០នាក់ និងរឹបអូសអាវុធជាច្រើនដើម និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។
គួរបញ្ជាក់ថា ទាក់ទិននឹងបញ្ហាខាងលើ ក្រុមមន្ត្រីពង្រឹងច្បាប់ ដែលមានរួមទាំងក្រុមមន្ត្រីនៅទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI ផង បានសម្តែងនូវការបារម្ភមុនការបោះឆ្នោត ខ្លាចក្រែងសត្រូវអាមេរិក មានដូចជា៖ រុស្ស៊ី អ៊ីរ៉ង់ និងចិន ជាដើម អាចយកពេលវេលាក្រោយថ្ងៃបោះឆ្នោតទី ៣ វិច្ឆិកា ដើម្បីអុចអាលឲ្យមានភាពចលាចល ដែលអាចនាំឲ្យមានអំពើហិង្សាផងដែរ៕
ដោយ៖ស តារា