ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះសួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងអំណោយរបស់សម្តេចផ្ទាល់ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១០២១០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ មកពីស្រុករងគ្រោះនានាក្នុងខេត្តបាត់ដំបង។ ដែលប្រព្រឹត្តទៅនៅទីតាំងអាកាសយានដ្ឋានបាត់ដំបង ស្ថិតនៅភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្រ្តី គណៈប្រតិភូអមដំណើរ ក្រុមប្រឹក្សារខេត្ត អភិបាលនៃគណៈអភិបាលខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ព្រមប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
សូមជម្រាបផងដែរថា ៖ ក្រុងបាត់ដំបង មាន១០សង្កាត់ ៦២ភូមិ មានគ្រួសារសរុប ចំនួន២៩.៤៥៣គ្រួសារ បានរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកស្ទឹងសង្កែ ដែលបណ្តាលឱ្យលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៤.៩២៦គ្រួសារ និងបានជម្លៀសប្រជាពលរដ្ឋមកទីទួលមានសុវត្ថិភាពចំនួន១៩១គ្រួសារ។ ជាងនេះទៀត នៅទូទាំងខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ស្រុកចំនួន១០ មានឃុំចំនួន៩៦ ក្នុងចំណោម១៤ក្រុង-ស្រុករបស់ខេត្តបាត់ដំបង ដោយគិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ដំណាំស្រូវរងផលប៉ះសរុបមានចំនួនជិត១៣ម៉ឺនហិកតា ស្រូវខូចខាតចំនួនជាង៤ម៉ឺនហិកតា។ ដំណាំសាកវប្បកម្ម ពោតស ម្នាស់ និងបន្លែ ប៉ះពាល់សរុបចំនួនជិត១៥០០ហិកតា ក្នុងនោះផ្ទៃដីខូចខាតមានចំនួន៧៤៣ហិកតា ដំណាំកសិ-ឧស្សាហកម្ម ដំឡូងមី ពោតក្រហម សណ្តែកបាយ សណ្តែកសៀង និងល្ងរ ប៉ះពាល់ សរុបមានចំនួនជាង៥ម៉ឺន៦ពាន់ហិកតា ក្នុងនោះខូចខាត ចំនួនជាង ៣ម៉ឺន៦ពាន់ហិកតា។
ជាងនេះទៀត អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងអំណោយរបស់សម្តេចក្រឡាហោមផ្ទាល់ ដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង១០២១០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នាពេលនេះរួមមានៈ ស្រូវពូជ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផងដែរ៕
ដោយ ៖ សិលា